វែបសាយ​បារាំង​ ទម្លាយ​ចេញ​រូបរាង iPhone 7 ពណ៌​មាស​ច្បាស់ៗ ​ឃើញ​មាន​ប្រឡោះ​កាមេរ៉ា​ធំ​ជាង​មុន ​ហើយ​គ្មាន​ខ្សែ​អង់តែ​-ស​​



យើងបានឃើញរូបថតពីរសន្លឹកមកហើយ ដែលបង្ហាញពីខ្នងខាងក្រោយរបស់ iPhone 7 ហើយនៅពេលនេះ ខ្នង iPhone ជំនាន់ថ្មីនេះ បន្តបែកធ្លាយច្បាស់ៗតែម្ដង ដែលមានពណ៌មាស ហើយរង្វង់កាមេរ៉ាក្រោយ ឃើញមានទំហំអង្កត់ផ្ចិតធំជាងជំនាន់មុន ដែលនេះអាចជាចំណុចកែលំអខ្លះៗនៅលើ iPhone 7។

iphone-7-coque-doree

  សង្កេតឃើញផ្នែកខាងក្រោយនៃទូរស័ព្ទដែលគេអះអាងថាជា iPhone 7 ពិតជាដូចរបាយការណ៍ និងចចាមអារ៉ាមមុនៗលើកឡើងពិតមែន ខ្សែអង់តែនពណ៌សដែលអណ្ដែតនៅលើ iPhone 6/6s ត្រូវបានដកចេញ ដោយលែងមាននៅលើ iPhone 7 តទៅទៀត។ ក្រៅពីនេះ គេក៏ឃើញទីតាំងកាមេរ៉ាមានទំហំធំជាងមុនផងដែរ ដោយវាអាចមានទំហំ 12MP ដូច iPhone 6s ប៉ុន្តែមានគុណភាពរឹតតែខ្ពស់ជាងមុន។ ចំណែក iPhone 7 Plus អាចមានកាមេរ៉ាក្រោយពីរគ្រាប់ទំហំ 12MP ដូចគ្នា។

iPhone-7-Boitier-Dore

  បើតាមសេចក្ដីរាយការណ៍មួយចំនួនកន្លងមកថា iPhone ជំនាន់ថ្មីនេះ នឹងមានរូបរាងរចនាស្រដៀងខ្លាំងទៅនឹង iPhone 6s ពោលវាមិនមានអ្វីកែប្រែច្រើនខុសពីជំនាន់មុននោះទេ។ iPhone 7 ត្រូវគេរំពឹងថា នឹងបំពាក់ដោយឈីបជំនាន់ថ្មីល្បឿនលឿនជាងមុនគឺ Apple A10 ហើយកែលំអទៅលើក្រាហ្វិក។ iPhone ជំនាន់ថ្មីក៏នឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មី iOS 10 ដែលកំពុងត្រូវបានគេធ្វើតេស្តលើជំនាន់សាកល្បងក្នុងពេលបច្ចុប្បន្នផងដែរ។ គេរំពឹងថា ក្រុមហ៊ុន Apple នឹងប្រកាស iPhone ជំនាន់ថ្មីនៅក្នុងព្រឹត្តិការណ៍មួយនៅដើមខែកញ្ញាខាងមុខ ហើយ iPhone 7 នឹងមានលក់លើទីផ្សារអំឡុងខែកញ្ញាតែម្ដង៕
X
5s