iPhone 7 Plus លេចចេញតម្រុយថ្មីគឺនឹងលែងមានប៊ូតុង Mute នៅខាងឆ្វេងទៀតហើយ ខណៈ iPhone 7 នៅរក្សាដដែល
សាធារណជនបានឃើញរួចមកហើយអំពីរូបរាងបែកធ្លាយផ្សេងៗដែលគេអះអាងថាជា iPhone 7 និង iPhone 7 Plus ហើយចំណែកពេលនេះ គេបានបន្តទម្លាយរូបរាងកំពូលទូរស័ព្ទទាំងពីរនេះ ដាក់ទន្ទឹមគ្នា ឃើញច្បាស់ៗនូវទម្រង់កាមេរ៉ាថ្មី ដោយ iPhone 7 មានកាមេរ៉ា ១គ្រាប់ដដែលប៉ុន្តែទំហំ Lens ធំជាងមុន ខណៈ ដែល iPhone 7 Plus មានកាមេរ៉ាចំនួន ២គ្រាប់មិនធ្លាប់មានពីមុន។
វែបសាយបារាំង Nowhereelse បានបង្ហោះរូបថតចុងក្រោយប៉ុន្មានសន្លឹកដែលអះអាងថា ជារូបរាងឌីហ្សាញថ្មី នៅលើ iPhone 7 ទាំងពីរម៉ូដែល ហើយក៏មានភ្ជាប់ជាមួយមុខងារថ្មីមួយចំនួនផងដែរ។ រូបថតបង្ហាញស្មាតហ្វូនទាំងពីរម៉ូដែល ដែលគេឃើញ iPhone 7 Plus បំពាក់កាមេរ៉ា dual lens គឺមានប្រឡោះកាមេរ៉ាភ្លោះរាងទ្រវែងនៅសំបកក្រោយ ខណៈ ដែល iPhone 7 មានកាមេរ៉ា ១គ្រាប់ដដែលគ្រាន់តែមានទំហំ lens ធំជាងមុនបន្តិច។
ក្នុងរូបបែកធ្លាយចុងក្រោយនេះ ថែមទាំងបានបញ្ជាក់ទៅលើរន្ធ Smart Connector នឹងមានប្រើនៅលើ iPhone ថ្មីទាំងពីរម៉ូដែល។ Smart Connector នឹងជំនួសរន្ធកាស 3.5mm ដែលវាអាចប្រើសម្រាប់សាកថ្មក៏បាន និងដោតកាសក៏បាន ដូចនៅលើ iPad ជំនាន់ចុងក្រោយរបស់ Apple ដែរ។
គេសង្កេតឃើញរូប iPhone 7 Plus ពុំមានប៊ូតុងបិទសំឡេងឱ្យស្ងាត់ (Mute) ដូចជំនាន់មុនទេ ប៉ុន្តែ iPhone 7 នៅតែមានជាធម្មតា។ ចំណែកខ្សែអង់តែនពណ៌-សត្រូវបានផ្លាស់ប្ដូរទីតាំងទៅលើបំផុត នៅសំបកក្រោយនៃ iPhone ទាំងពីរម៉ូដែល។
ក្រុមហ៊ុនត្រូវគេរំពឹងថា នឹងប្រកាសចេញ iPhone ថ្មីទាំងពីរម៉ូដែលនៅអំឡុងខែកញ្ញា ឆ្នាំ២០១៦ ខាងមុខ ហើយក៏រំពឹងនឹងមានលក់លើទីផ្សារនៅក្នុងខែដដែលនោះតែម្ដង៕