Apple ជ្រើស​យក​ TSMC តែ​មិនយក Samsung ក្នុង​ការ​ផលិត​បន្ទះ​​ឈីប Apple A10 សម្រាប់​បំពាក់​លើ iPhone 7/ 7 Plus ទេ!​



បើតាមរបាយការណ៍ថ្មីមួយពីគេហទំព័រ Digitimes ឱ្យដឹងថា ក្រុមហ៊ុនផលិតបន្ទះឈីបរបស់តៃវ៉ាន់នឹងជាក្រុមហ៊ុនផ្គត់ផ្គង់បន្ទះឈីបជំនាន់ថ្មីរបស់ Apple គឺ A10 Processor សម្រាប់បំពេញតម្រូវការ បំពាក់ទៅលើ iPhone 7 និង iPhone 7 Plus។ ប្រភពដដែលបានបញ្ជាក់ទៀតថា TSMC ថែមទាំងជាក្រុមហ៊ុនផ្គត់ផ្គង់ឈីប A11 ថែមទៀតសម្រាប់បំពាក់នៅលើ iPhone ចេញនៅឆ្នាំ ២០១៧ ក្រោយនេះ។ យោងតាមរបាយការណ៍ថ្មីៗនេះ ឱ្យដឹងថា ក្រុមហ៊ុន Apple បានសម្រេចចិត្តប្រើបន្ទះឈីបជំនាន់ថ្មីដែលផលិតដោយក្រុមហ៊ុន TSMC ជាអ្នកផ្គត់ផ្គង់សម្រាប់បំពេញតម្រូវការរយៈពេល ២ឆ្នាំជាប់គ្នាពោលគឺនឹងផ្គត់ផ្គង់ឈីប A10 និង A11 រហូតដល់ឆ្នាំ២០១៧ ខាងមុខ។ របាយការណ៍បញ្ជាក់ទៀតថា ពេលនេះ ក្រុមហ៊ុន TSMC បានត្រៀមខ្លួនផ្គត់ផ្គង់ឈីប A10 របស់ Apple ហើយនឹងបំពាក់នៅលើ iPhone ជំនាន់ថ្មីដើម្បីឱ្យទាន់ចង្វាក់ផលិតកម្ម iPhone 7/7 Plus សម្រាប់ការសម្ពោធផ្លូវការនៅខែកញ្ញាខាងមុខ។ ក្រុមហ៊ុន Apple ត្រូវគេរំពឹងថា នឹងប្រកាសចេញ iPhone 7 និង 7 Plus ជាផ្លូវការនៅខែកញ្ញាខាងមុខ ហើយស្មាតហ្វូនទាំងពីរម៉ូដែលនឹងត្រូវបានអភិវឌ្ឍរឹតតែទំនើបជាងជំនាន់មុនៗ។ ជាក់ស្ដែង iPhone 7 Plus នឹងមានកាមេរ៉ាចំនួន២ នៅខាងក្រោយ។ រន្ធកាស 3.5mm នឹងត្រូវជំនួសដោយរន្ធ Lightning ដែលអាចប្រើបានទាំងសាកថ្ម និងស្ដាប់កាស។ ចំណែករចនាបថគឺស្ទើរតែដូចទៅនឹង iPhone 6s ទាំងស្រុង គ្រាន់តែមានការផ្លាស់ប្ដូរខ្សែអង់តែនពណ៌-ស នៃផ្នែកខាងក្រោយ ឱ្យទៅលើប៉ុណ្ណោះ៕
X
5s