Apple ​​​ក្រពុល​មុខ​នៅ​​​ឥណ្ឌា ​​ដោយ​ចំណែកទីផ្សារ​​ទូរស័ព្ទ​មាន​​ស្ដួចស្ដើង​​បំផុត​​​ត្រឹមតែ​ ២,៤% ប៉ុណ្ណោះ ក្រៅពី​នេះ​គឺ Android យក​អស់​



យោងតាមរបាយការណ៍ ពីការស្រាវជ្រាវទីផ្សាររបស់ក្រុមហ៊ុន Strategy Analytic បានបង្ហាញថាក្រុមហ៊ុន Apple ដែលផលិតទូរស័ព្ទ iPhone កំពុងជួបបញ្ហាលំបាក នៅប្រទេសឥណ្ឌាខណៈដែលប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុន កំពុងក្ដាប់ចំណែកទីផ្សារស្មាតហ្វូនក្នុងស្រុក។ ក្រុមហ៊ុន Strategy Analytic បានធ្វើការប៉ាន់ប្រមាណថាស្មាតហ្វូនប្រមាណ ៣០,៧ លានគ្រឿងត្រូវបាននាំចេញទៅប្រទេសចិននៅអំឡុងត្រីមាសទី២ ក្នុងឆ្នាំ២០១៦ នេះកើនឡើង ១៩% បើធៀបនឹងឆ្នាំ២០១៥ ត្រីមាសទី២ ដែលនាំចេញត្រឹមតែ ២៥,៨ លានគ្រឿងប៉ុណ្ណោះ។ កំណើនឡើងគឺដោយសារមានកំណើនប្រើប្រាស់ទូរស័ព្ទស៊េរិទាប ដែលមានតម្លៃថោក អាចឱ្យប្រជាជនច្រើនស្រទាប់ទិញប្រើ។ ឥណ្ឌាបានក្លាយជាទីផ្សារស្មាតហ្វូនដ៏ធំទី៣ នៅលើពិភពលោកបន្ទាប់ពីប្រទេសចិន និងអាមេរិក។ ក្រុមហ៊ុន Strategy Analytic ជឿជាក់ថា ក្នុងចំនួនតួលេខចែកចាយស្មាតហ្វូនលើទីផ្សារឥណ្ឌាចំនួន ៣០,៧លានគ្រឿង មាន ២៩,៨លានគ្រឿង (ឬស្មើនឹង ៩៧%%) ទៅហើយ គឺដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុន Google។ អត្រាចែកចាយលក់នេះកើនឡើង ២៨% បើធៀបទៅនឹងការនាំចេញនៅឆ្នាំមុន។ កាលពីឆ្នាំ ២០១៥ ប្រព័ន្ធ Android បានក្ដាប់ចំណែកទីផ្សារស្មាតហ្វូនឥណ្ឌា ៩០% នេះហាក់បីដូចជាក្រុមហ៊ុន Google បានគ្រប់គ្រងទាំងមូលលើទីផ្សារទូរស័ព្ទឥណ្ឌាទៅហើយ។ដូចគ្នាដែរ នៅខណៈពេលដែលប្រព័ន្ធប្រតិបត្តិការ Android កំពុងវាយលុកទីផ្សារឥណ្ឌាយ៉ាងជោគជ័យនោះ ក្រុមហ៊ុន Apple ហាក់ពុំសូវមានសកម្មភាពទីផ្សារសោះឡើយ។តាមរបាយការណ៍នៃក្រុមហ៊ុន Strategy Analytic បានបង្ហាញថា ក្រុមហ៊ុន Apple លក់ iPhone បានត្រឹមតែ ០,៨ លានគ្រឿងប៉ុណ្ណោះនៅអំឡុងត្រីមាសនេះ ដែលស្មើនឹង ២,៤% នៃទីផ្សារស្មាតហ្វូនរបស់ប្រទេសឥណ្ឌាខុសប្លែកពីឆ្នាំមុនដែលក្រុមហ៊ុនលក់បាន ១,២ លានគ្រឿងស្មើនឹង ៤,៥%។បញ្ហាចម្បងរបស់ក្រុមហ៊ុន Apple ស្ថិតនៅត្រង់តម្លៃដែលខ្ពស់បើធៀបនឹងស្មាតហ្វូនដទៃនៅលើទីផ្សារឥណ្ឌា។ គួររំលឹកដែរថា iPhone 6s បានក្លាយជាទូរស័ព្ទស្មាតហ្វូនដែលមានតម្លៃថ្លៃខ្លាំងមួយ ប្រៀបធៀបនឹងស្មាតហ្វូនដទៃ នៅក្នុងប្រទេសឥណ្ឌា។ កាលពីខែធ្នូកន្លងទៅ ក្រុមហ៊ុន Apple បានធ្វើការបញ្ចុះតម្លៃលើ iPhone ក្នុងគោលបំណងកែខៃស្ថានការណ៍ទីផ្សាររបស់ខ្លួន ប៉ុន្តែការនេះហាក់បីដូចជាមិនបានជួយអ្វីឲ្យប្រសើរឡើយ សូម្បីតែ iPhone SE ដែលមានតម្លៃទាបបំផុតរបស់ Apple ក៏ពុំបានជួយជំរុញទីផ្សារ Apple បាននោះឡើយ៕
X
5s