Meizu រៀនតាម Samsung ត្រៀមបញ្ចេញស្មាតហ្វូនអេក្រង់កោងបញ្ឆិត (Dual Edge) Meizu Pro 7 ដូច Galaxy S7 Edge
យោងតាមប្រភពព័ត៌មានចិនពីគេហទំព័រ GizChina ឱ្យដឹងមកថា ក្រុមហ៊ុនទូរស័ព្ទ Meizu របស់ចិន កំពុងត្រៀមសម្ពោធស្មាតហ្វូនទំនើបដែលមានតួខ្លួនផលិតពីលោហធាតុរឹងមាំ តែមានមានតម្លៃធូរ ហើយចំណុចទាក់ទាញនោះ គឺវានឹងមានអេក្រង់កោងបញ្ឆិតដូចជា Galaxy S7 Edge របស់ Samsung ដែរ។ ស្មាតហ្វូនថ្មីរបស់ Meizu នេះ នឹងមានឈ្មោះ Meizu Pro 7។
ទូរស័ព្ទទំនើប Meizu Pro 7 បច្ចុប្បន្នកំពុងមានការតាមដានពីសំណាកមហាជន ដោយមានការឌីហ្សាញគំរូ (concept) ស្អាតៗ ដែលគេសន្និដ្ឋានថា អាចនឹងមានរូបរាងពិតដូច ឬស្រដៀងខ្លាំងនឹងគំរូទាំងនេះក៏ថាបាន។ អេក្រង់កោងបញ្ឆិត (dual-edge) នៅលើ Pro 7 នឹងមានលក្ខណៈក្នុងការប្រើស្រដៀងនឹង Galaxy S7 Edge ឬ Galaxy Note 7 ប៉ុន្តែ Meizu Pro 7 អាចមានមុខងារអស្ចារ្យលើសអ្វីដែលមាននៅលើ Galaxy ទាំងពីរ ដែលវាអាចភ្ជាប់ដោយកាមេរ៉ាពីរក៏ថាបាន។
តាមចចាមអារ៉ាមថ្មីៗនេះ ថា Meizu អាចនឹងប្ដូរទៅប្រើប្រាស់បន្ទះឈីបផលិតដោយក្រុមហ៊ុន Samsung សម្រាប់បំពាក់នៅលើទូរស័ព្ទរបស់ខ្លួន ប៉ុន្តែកាលពីពេលថ្មីៗ ក្រុមហ៊ុនទើបតែបានចុះកុងត្រាជាមួយក្រុមហ៊ុន MeidaTek នោះទេ។
ប្រសិនអេក្រង់កោងឃុប សម្រាប់ Meizu Pro 7 ជាការពិតមែន នោះវានឹងជាសមិទ្ធផលមានការផ្លាស់ប្ដូរខ្លាំងក្នុងប្រវត្តិសាស្ត្រស្មាតហ្វូនរបស់ក្រុមហ៊ុន Meizu ហើយ៕