មួយណាធន់ជាងមួយណា រវាង Galaxy Note 7 និង iPhone 6S ធ្វើតេស្តទម្លាក់គ្រប់ជ្រុង? (Video)
ការធ្វើតេស្តថ្មីមួយ បានជ្រើសរើស Galaxy Note 7 និង iPhone 6s មកទម្លាក់ដើម្បីដឹងនូវភាពធន់រឹងមាំរវាងកំពូលទូរស័ព្ទទាំងពីរថា តើមួយណាធន់ជាងមួយណា។ សូមបញ្ជាក់ថា ការធ្វើតេស្តកាលពីខែឧសភា កន្លងទៅបង្ហាញលទ្ធផល ទូរស័ព្ទ iPhone 6s មានភាពធន់ជាង Galaxy S7។ ប៉ុន្តែលើកនេះ ជាមួយ Galaxy Note 7 ម្ដង វាមិនដូចគ្នាទេ។ Galaxy Note 7 អាចមានអ្វីពិសេសជាង Galaxy S7 ទើបធ្វើឱ្យមានធន់ទ្រាំជាង ជាក់ស្ដែងអាចមកពី Note 7 ក្រាលដោយកញ្ចក់ការពារ Gorilla Glass 5 ជាដើម។ ដោយសារបែបនេះ វាអាចធន់ទ្រាំនឹងការធ្លាក់កម្ពស់ ១,៦ម៉ែត្រ ចំនួន ៨ ទៅ ១០ដង។
https://youtu.be/DKGfuct01M4
តាមវីដេអូធ្វើតេស្តខាងលើ បង្ហាញថា ពុំមានការលំអៀងលើម៉ូដែលណាមួយ កើតមានបាននោះទេ ព្រោះគេបានប្រើប្រាស់ម៉ាស៊ីនសម្រាប់ធ្វើតេស្ត ពុំមែនជាការធ្វើតេស្តដោយមនុស្សឡើយ។ ការធ្វើតេស្តចែកជាដំណាក់កាលផ្សេងគ្នា ពោលការទម្លាក់លើកដំបូងធ្វើឡើងនៅផ្នែកខ្នងនៃទូរស័ព្ទទាំងពីរ, លើកទី២ ធ្វើតេស្តលើផ្នែកក្រោម (បាទ), លើទី៣ លើជ្រុងម្ខាង (Side) និងបន្ទាប់មកធ្វើតេស្តលើផ្នែកខាងមុខ (Face)។
គេសង្កេតឃើញការទម្លាក់យកផ្នែកខាងមុខ រវាងទូរស័ព្ទទាំងពីរ ងាយធ្វើឱ្យ iPhone បែកអេក្រង់ខ្លាំង ខណៈដែល Note 7 ពុំងាយរកការខ្ទេចខ្ទាំនោះឡើយ។ ក្រោយការធ្វើតេស្តទម្លាក់គ្រប់ផ្នែក គេបានធ្វើតេស្តទម្លាក់ផ្នែកខាងមុខ iPhone 6S ចំនួន ៥លើក ទើបធ្វើឱ្យ iPhone 6s នោះខូចអេក្រង់ មើលលែងឃើញ។ ផ្ទុយពី Galaxy Note 7 ដែលឆ្លងកាត់ការទម្លាក់ផ្នែកខាងមុខ ចំនួន ៥០ដងហើយ តែវានៅតែមិនខូចអេក្រង់ ហើយនៅតែអាចប្រើបាន៕