Samsung ត្រៀមកើបលុយបន្ថែមជាមួយកម្មវិធីស្មាតហ្វូនស៊េរីខ្ពស់ៗជជុះចាប់ពីដើមឆ្នាំ២០១៧
មិនចាំបាច់និយាយក៏ប្រិយមិត្តដឹងដែរថា ស្មាតហ្វូនស៊េរីក្រោយរបស់ Samsung ដែលបំពាក់មកជាមួយមុខងារពិសេស បច្ចេកវិទ្យាទំនើប ដំណើរការលឿន មួយគ្រឿងៗតម្លៃមិនទាបនោះទេ។ ដូច្នេះហើយ វាអាចជាមូលហេតុដែលនាំឱ្យ ក្រុមហ៊ុន Samsung បង្កើតកម្មវិធីលក់ស្មាតហ្វូនជជុះ (ឬទូរស័ព្ទជួសជុល) ស៊េរីខ្ពស់ ដើម្បីតម្រូវតាមកម្រិតជីវភាពរបស់អតិថិជនមួយចំនួន។ ម្យ៉ាងក៏ដើម្បីបង្កើនប្រាក់ចំណេញបន្ថែមផងដែរ។
តាមសេចក្ដីរាយការណ៍ពីគេហទំព័ររ៉យទ័រឱ្យដឹងថា ក្រុមហ៊ុនអេឡិចត្រូនិកខ្នាតយក្សរបស់កូរ៉េខាងត្បូងនេះ កំពុងរិះរកមធ្យោបាយដើម្បីបង្កើនប្រាក់ចំណេញបន្ថែមបន្ទាប់ពីធ្វើការបែងចែកប្រាក់ចំណេញទៅតាមក្រុមផលិតផលផ្សេងៗគ្នា។
កម្មវិធីលក់ទូរស័ព្ទទំនើបជជុះរបស់ Samsung នឹងចាប់ផ្ដើមពីដើមឆ្នាំ២០១៧ ខាងមុខ ហើយទូរស័ព្ទទាំងនោះ តម្រូវឱ្យអ្នកប្រើបង្កើត (sign up) ទទួលយកកម្មវិធីធ្វើបច្ចុប្បន្នភាពរយៈពេល ១ឆ្នាំនៅលើទីផ្សារអាមេរិក និងកូរ៉េខាងត្បូង។ ដូច្នេះនៅពេលណាមួយ ទូរស័ព្ទចាស់របស់អ្នក ដល់រយៈពេល ១២ខែឡើងទៅ ក្រុមហ៊ុននឹងធ្វើការជួសជុល និងដាក់លក់ឡើងវិញ ក្នុងតម្លៃបញ្ចុះជាងមុនថែមទៀត។ យ៉ាងណា ក្រុមហ៊ុនមិនទាន់បានបញ្ជាក់អំពីតម្លៃត្រៀមនឹងដាក់លក់ Galaxy ជជុះសម្រាប់ដើមឆ្នាំ២០១៧ នៅឡើយ។
សូមបញ្ជាក់ថា កន្លងមកក្រុមហ៊ុន Apple មានកម្មវិធីលក់ទូរស័ព្ទ iPhone ជជុះ (ជួសជុលឡើងវិញ) ដូចគ្នានេះ មុន Samsung ទៅហើយ គឺលក់នៅលើទីផ្សារអាមេរិកទទួលបានការគាំទ្រគួរសម ដោយ iPhone មួយទឹកមានតម្លៃធូរថ្លៃជាងតម្លៃធម្មតា ៦៩%៕