Pokemon Go ចាប់ផ្ដើមធ្លាក់ប្រជាប្រិយភាពព្រោះបាត់អ្នកលេងរាប់លានរាល់ថ្ងៃ
ហ្គេម Pokemon Go ដែលទើបត្រូវក្រុមហ៊ុន Niantic ដាក់ឱ្យសាធារណជនលេងបានតាំងពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ និងទទួលបានការចាប់អារម្មណ៍លេងយ៉ាងច្រើននោះ មកដល់ពេលនេះ ហាក់ចាប់ផ្ដើមដល់ទីបញ្ចប់វិញហើយ ពោលគឺអ្នកលេងចាប់ផ្ដើមថយចុះ។ ផ្អែកតាមទិន្នន័យបង្ហាញដោយ Bloomberg ឱ្យដឹងថា តួលេខអ្នកលេងហ្គេម Pokemon Go មានរហូតដល់ ៤៥លាននាក់ជារៀងរាល់ថ្ងៃ គិតត្រឹមពាក់កណ្ដាលខែកក្កដា។ ប៉ុន្តែរបាយការណ៍ចុងក្រោយពីគេហទំព័រ techspotឱ្យដឹងថា ហ្គេម Pokemon Go កំពុងបាត់ប្រជាប្រិយបណ្ដើរៗ ដោយសារតួលេខអ្នកលេងមានការថយចុះរហូតរាប់លានអ្នក។
ផ្អែកតាមទិន្នន័យបានពី Sensor Tower, SurveyMonkey និង Apptopia បង្ហាញថា ចំនួនទាញយក និងការចំណាយពេលលេង Pokemon Go មានការថយចុះរៀងរាល់ថ្ងៃ។ ការថយចុះអ្នកលេងហ្គេមនេះ ត្រូវគេប៉ាន់ស្មានថា គឺដោយសារចំណាប់អារម្មណ៍ក្នុងការចាប់ Pokemon ថមថយ។
កម្មវិធីទូរស័ព្ទពេញនិយមផ្សេងទៀតដូចជា Twitter, Snapchat និង Facebook ជាដើម ប្រហែលជាសាទរយ៉ាងខ្លាំងដែលឃើញ Pokemon Go ធ្លាក់ ចុះប្រិយភាព ព្រោះអាចនិយាយបានថា បាត់ដៃគូដែលច្បាមយកអ្នកប្រើយ៉ាងច្រើនសន្ធឹកសន្ធាប់កន្លងទៅ។ យ៉ាងណា ការថយចុះអ្នកលេង មិនប្រាកដធ្វើឱ្យអ្នកអភិវឌ្ឍកម្មវិធីនៅក្រុមហ៊ុន Niantic ធ្លាក់ទឹកចិត្ត រហូតឈប់កែលំអ Pokemon Go នោះឡើយ ពោលគឺនៅតែបន្តអភិវឌ្ឍ៕