Facebook នឹងអនុញ្ញាតឱ្យបុគ្គល ឬសហគមន៍ អាចប្រើមុខងារ Safety Check ដើម្បីប្រាប់ដំណឹងសុវត្ថិភាព ខណៈពិភពលោកសំបូរគ្រោះអាសន្ន
ក្រុមហ៊ុន Facebookកាលពីឆ្នាំ២០១៤ កន្លងទៅបានដាក់ចេញមុខងារ Safety Check ដែលជាសេវាកម្មអាចឱ្យអ្នកប្រើបណ្ដាញសង្គមខ្លួន ធ្វើការចែករំលែក ឬជូនដំណឹងបានរហ័សទៅកាន់មិត្តភ័ក្ដិ ឬក្រុមគ្រួសារ អំពីសុវត្ថិភាពរបស់ពួកគេ ខណៈទើបកើតមានគ្រោះថ្នាក់ធម្មជាតិ ឬសោកនាដកម្ម ឧទាហរណ៍ដូចជាគ្រោះរញ្ជួយដីនៅក្នុងប្រទេសអ៊ីតាលីកាលពីសប្ដាហ៍មុន និងករណីបាញ់ប្រហារនៅ Orlando ជាដើម។
វាជាកិច្ចខិតខំប្រឹងប្រែងមួយរបស់ Facebook ដើម្បីចូលរួមចំណែកក្នុងការផ្ដល់ភាពងាយស្រួលដល់ក្រុមសាច់ញាតិ ឬមិត្តភ័ក្ដិរបស់ជនរងគ្រោះ អាចដឹងបានយ៉ាងរហ័សថា ពួកគេមានសុវត្ថិភាពជាមួយមុខងារ Safety Check។ ក្រុមហ៊ុនបណ្ដាញសង្គមនេះកំពុងធ្វើការរួចរាល់ជាបណ្ដើរៗក្នុងការដាក់ឱ្យប្រើ Safety Check យ៉ាងទូលំទូលាយ។
ជំនួបនៅក្នុងសាលប្រជុំនៅក្នុងសាកលវិទ្យាល័យ Luiss នៃទីក្រុងរ៉ូមរបស់អ៊ីតាលីថ្មីៗ នេះ ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ Facebook លោក Mark Zuckerber ត្រូវបានគេសាកសួរអំពីការប្រើប្រាស់ និងដំណើរការមុខងារ Safety Check នៅលើគណនីរបស់ពួកគេ។ លោក Zuckerberg អះអាងថា ក្រុមហ៊ុនកំពុងធ្វើកិច្ចការនេះ ហើយបានបន្ថែមថា៖
«នៅពេល Safety Check ចាប់ផ្ដើមដំណើរការមានរយៈពេល ២ឆ្នាំមកនេះ វាត្រូវបានបង្កើតក្នុងគោលបំណងសម្រាប់គ្រោះថ្នាក់ធម្មជាតិ។ ប៉ុន្តែចាប់ពីពេលនេះ យើងបានពង្រីកសេវាកម្មទៅលើករណីភេរវកម្ម វាយប្រហារថែមទៀត។ រឿងដែលត្រូវធ្វើបន្ទាប់ពួកយើងត្រូវការបង្កើត Safety Check ដែលបណ្ដាសហគមន៍អាចប្រើប្រាស់សម្រាប់រាយការណ៍គ្រោះមហន្តរាយបាន»៕