ផលប៉ះពាល់នៃវិទ្យុសកម្មទូរស័ព្ទ និងរបៀបការពារសុវត្ថិភាពសម្រាប់ខ្លួនអ្នក
ស្មាតហ្វូននាពេលបច្ចុប្បន្ននេះបានក្លាយជារបស់សំខាន់សម្រាប់មនុស្ស មិនថាតែងាយស្រួលទាក់ទងគ្នាបានរហ័សទាន់ចិត្តប៉ុណ្ណោះទេ តែថែមទាំងផ្ដល់សារៈប្រយោជន៍ជាច្រើនទៀត ទៅលើការងារស្រាវជ្រាវរបស់និស្សិត, ផ្នែកសហគ្រិន និងការកម្សាន្តផ្សេងៗជាដើម។ ប៉ុន្តែ ទន្ទឹមគុណសម្បត្តិនៃស្មាតហ្វូន ក៏នៅមានគុណវិបត្តិមកជាមួយគ្នាដែរ។ បញ្ហាធំគឺ ស្មាតហ្វូនមាននូវវិទ្យុសកម្មដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកប្រើបាន។
ទូរស័ព្ទទូទៅ (Cellphone) និងស្មាតហ្វូនគឺប្រើប្រេកង់ រលកវិទ្យុ (Radio Frequency)/microwave ដើម្បីធ្វើការបញ្ជូន និងទទួលព័ត៌មាន (information) ដែលមានទម្រង់ជា សំឡេង, ទិន្នន័យ(data) ឬវីដេអូ។ ដូច្នេះហើយ ទើបឧបករណ៍អេឡិចត្រូនិកចល័តនេះ មានសមត្ថភាពអាចឱ្យអ្នកភ្ជាប់ទំនាក់ទំនង (ខលទូរស័ព្ទ) ជាមួយមិត្តភ័ក្ដិ ឬក្រុមគ្រួសារបាន។ ដោយសារតែបែបនេះហើយ ទើបមនុស្សបានយកទូរស័ព្ទមកធ្វើជាមិត្តយ៉ាងជិតស្និទ្ធ តែងតែយកតាមដាក់ជាប់នឹងខ្លួនជានិច្ច ប៉ុន្តែសូមស្វែងយល់ឱ្យបានដឹងច្បាស់ថា សកម្មភាពជារៀងរាល់ថ្ងៃរបស់អ្នកដូចនេះ គឺកំពុងប្រឈមនឹងផលប៉ះពាល់សុខភាពពីវិទ្យុសកម្មអេឡិចត្រូនិកដែលមាននៅលើទូរស័ព្ទ។
ជាការពិតណាស់ អ្នកកាន់តែប្រើប្រាស់ស្មាតហ្វូនច្រើន នោះអ្នកក៏នឹងប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ដែរ ដែលនឹងធ្វើឱ្យមានបញ្ហាសុខភាពក្នុងរយៈពេលយូរបាន។ ផ្អែកតាមរបាយការណ៍ស្ថិតកាលពីឆ្នាំ២០១២ នៅលើគេហទំព័រ peperperspective ឱ្យដឹងថា និស្សិតសាកលវិទ្យាល័យបានចំណាយពេលប្រើទូរស័ព្ទ/ថេប្លេត ក្នុងមួយថ្ងៃយ៉ាងហោច ១១៨នាទី ហើយប្រើរយៈពេល ៤០នាទីនៅរៀងរាល់មុនចូលគេង។ នេះមានន័យថា ក្នុងមួយឆ្នាំៗពួកគេបានប្រើទូរស័ព្ទចំនួន ១៩,៧ថ្ងៃ ក្នុងការសរសេរសារ/និយាយទូរស័ព្ទ។
តាមរបាយការណ៍របស់គេហទំព័រ safespaceprotection.com បានឱ្យដឹងថា ២០% ទៅ ៨០% នៃវិទ្យុសកម្មទូរស័ព្ទដៃ គឺអាចសាយភាយជ្រៀតចូលទៅក្នុងខួរក្បាលរបស់មនុស្សពេញវ័យជម្រៅ ២អ៊ីញ ឬប្រហែល ៥សង់ទីម៉ែត្រ។
ខាងក្រោមនេះគឺជាអាការៈ និងផលប៉ះពាល់នៃមនុស្សដែលបានរងឥទ្ធិពលពីវិទ្យុសកម្មអេឡិចត្រូនិក៖ ឈឺក្បាល, ក្អួតចង្អោរ, អស់កម្លាំង, ឈឺក, បាត់បង់ការចងចាំ, ជំងឺមហារីកឈាម (ឈាមស ស៊ីឈាមក្រហម), មហារីកខួរក្បាលដ៏កម្រ, បម្រែបម្រួលអង់ស៊ីម ដែលនាំឱ្យប៉ះពាល់ដល់ DNA, ប៉ះពាល់ដល់ទារកក្នុងផ្ទៃ ធ្វើឱ្យមានជំងឺពីកំណើត, មានបម្រែបម្រួលប៉ះពាល់ដល់ការរំលាយអាហារក្នុងរាងកាយ
ប្រឈមហានិភ័យខ្ពស់ចំពោះជំងឺ Alzheimer, ប្រឈមហានិភ័យលើលក្ខខណ្ឌបំពេញមុខងាររបស់បេះដូង, បម្រែបម្រួលដល់អ័រម៉ូនប្រសាទ ធ្វើឱ្យខួរចុះខ្សោយក្នុងការបំពេញមុខងារ។
យ៉ាងណា គេក៏មានវិធីសាស្ត្រមួយចំនួនដើម្បី ទប់ស្កាត់ការសាយភាយវិទ្យុសកម្មទូរស័ព្ទផងដែរ ដែលក្នុងនោះមាន ៨ចំណុចគួរយល់ដឹងដូចខាងក្រោម៖
១) ព្យាយាមប្រើសារអក្សរជំនួសការនិយាយទូរស័ព្ទបើអាច
២) ប្រើកាស ឬបើកសំឡេងចេញក្រៅ (Load speaker) ឬប្រើឧបករណ៍បំពងសំឡេង ពោលគឺធ្វើយ៉ាងណាពេលសន្ទនាឱ្យនៅឆ្ងាយពីទូរស័ព្ទ
៣) ពេលហៅទូរស័ព្ទចេញ (ខលចេញ) កុំទាន់យកទូរស័ព្ទមកផ្ទប់នឹងត្រចៀក គឺត្រូវរង់ចាំរហូតដល់ភាគីម្ខាងទទួល
៤) ជៀសវាងការយកទូរស័ព្ទដាក់ជាប់នឹងខ្លួន
៥) កុំសន្ទនាទូរស័ព្ទនៅពេលកំពុងធ្វើដំណើរ (ម៉ូតូ រថយន្ត រថយន្តក្រុង រទេះភ្លើង ...)
៦) កុំប្រើទូរស័ព្ទនៅចំណតរថយន្ត
៧) កុំទុកទូរស័ព្ទជិតខ្លួននៅពេលគេងមិនថាយប់ ឬថ្ងៃ
៨) ជៀសវាងការប្រើប្រាស់ទូរស័ព្ទ នៅពេលដែលអ្នកកំពុងមានអារម្មណ៍តប់ប្រមល់ ខ្លាំង ព្រោះវិទ្យុសកម្មនឹងធ្វើឱ្យអ្នកមានអារម្មណ៍អស់កម្លាំងខ្លាំង ហើយសារពាង្គកាយ (សរីរាង្គទាំងឡាយ) នឹងចុះខ្សោយ
គណៈកម្មការសហព័ន្ធផ្នែកទំនាក់ទំនង FCC របស់អាមេរិកបានកំណត់ហៅការសាយភាយសារធាតុវិទ្យុសកម្មទូរស័ព្ទថា ជាអត្រាសូបយកជាក់លាក់ SAR ដែលមានខ្នាត វ៉ាត់ក្នុងមួយគីឡូក្រាម (W/kg) ហើយមានកម្រិតគ្រោះថ្នាក់ខ្ពស់បំផុតនៅតម្លៃ 1.6W/kg។ ចំណែកច្បាប់និយតកម្មរបស់កាណាដា និងនៅអឺរ៉ុបគឺបានកំណត់យក 2.0W/kg។
តាមតារាងចំណាត់ថ្នាក់ទូរស័ព្ទដែលមានវិទ្យុសកម្មខ្ពស់បំផុត និងទាបបំផុតចេញផ្សាយដោយ cellphones.procon.org បង្ហាញថា Motorola Droid Maxx និង Motorola Droid Ultra ដែលប្រើប្រាស់សេវាទូរស័ព្ទ Verizon គឺជាស្មាតហ្វូនដែលមានវិទ្យុសកម្មខ្ពស់បំផុតមានតម្លៃ 1.54W/kg ហើយទូរស័ព្ទដែលមានវិទ្យុសកម្មទាបជាងគេក៏ជារបស់ Motorola ដែរ ចំនួនពីរម៉ូដែលគឺ Motorola v.101 និង Motorola V.100 មានតម្លៃ 0.14W/kg។
គេហទំព័រ cellphones.procon.org និង rfsafe ក៏បានបង្ហាញពីកម្រិតវិទ្យុសកម្មនៅលើទូរស័ព្ទ iPhone ផងដែរ៖
-iPhone 6s និង iPhone 6s Plus = 1.14W/kg (ផ្នែកតាមគេហទំព័រ www.sarchecker.com)
-iPhone 6 និង iPhone 6 Plus = 1.18W/kg
-iPhone 5S = 0.93W/kg ទៅ 0.98W/kg
-iPhone 5C = 0.96W/kg ទៅ 0.99W/kg
-iPhone 5 = 1.18W/kg (AT&T)
-iPhone 4S = 1.11W/kg (Sprint, Verizon, AT&T)
-iPhone 4 = 1.18W/kg (Virgin, Verizon)
-iPhone 3GS = 0.79W/kg (AT&T)
-iPhone 3G = 1.38W/kg
-iPhone = 0.97W/kg
រីឯស្មាតហ្វូន Samsung ម៉ូដែលក្រោយៗរួមមាន៖
-Galaxy S7 និង S7 Edge = 1.59W/kg
-Galaxy S6 និង S6 Edge = 0.409W/kg
-Galaxy S5 = 1.28W/kg ទៅដល់ 1.59W/kg អាស្រ័យលើលេខកូដម៉ូដែល
-Galaxy S4 = 0.45W/kg
-Galaxy S3 = 0.342W/kg
-Galaxy S2 = 0.24W/kg
-Galaxy Note = 0.209W/kg
-Galaxy Note 2 = 0.171W/kg
-Galaxy Note 3 = 0.35W/kg
-Galaxy Note 4 = 0.88W/kg
-Galaxy Note 5 = 1.28W/kg
-Galaxy Note 7 = 0.67W/kg (ផ្អែកតាមគេហទំព័រ www.phonearena.com)