ឆេះ​ខ្លោច Galaxy S7 edge ក្រោយ​សាកថ្ម​​ទុក​ចោល​ពេញ​មួយ​យប់​



ខណៈបញ្ហាថ្មមាននៅលើ Note 7 រហូតបង្ខំចិត្តឱ្យ Samsung ប្រកាសប្រមូលមកជួសជុលវិញនោះ ចំណែកសេចក្ដីរាយការណ៍ថ្មីនេះ បានឱ្យដឹងថា មានអតិថិជនម្នាក់ដែលប្រើ Galaxy S7 edge បានអះអាងថា Galaxy S7 edge របស់ខ្លួនបានឆេះខ្លោច ខណៈពេលដែលខ្លួនដាក់ឱ្យសាកថ្មចោលពេញមួយយប់។ បុរសម្នាក់នេះ បានអះអាង ឧប្បត្តិហេតុនេះកើតមាន ខណៈពេលរូបគាត់កំពុងគេងលក់ ហើយគាត់អះអាងទៀតថា គាត់បានប្រើឆ្នាំងសាកហ្សីន មិនមែនយ៉ា (copy) នោះទេ។

Untitled-6

តើប្រិយមិត្តគិតទេថា វាអាចជាករណីមានជាប់ពាក់ព័ន្ធនឹងការប្រមូល Galaxy Note 7 មកវិញឬទេ? មិនអាចទេ ព្រោះទូរស័ព្ទទាំងពីរនេះ ប្រើប្រាស់ប្រភេទថ្មីផ្សេងគ្នា ហើយក៏មានលក្ខណៈផ្សេងទៀតមិនដូចគ្នាដែរ។ Galaxy S7 edge បានចរាចរលក់នៅលើទីផ្សាររយៈពេលជិត ៦ខែមកនេះ គឺគ្មានគ្រោះថ្នាក់ណាមួយត្រូវបានរបាយការណ៍នោះឡើយ។ ងាកមកសេចក្ដីរាយការណ៍អំពីបញ្ហាថ្មនៅលើ Galaxy Note 7 វិញ គឺមានចំនួន ៣៥របាយការណ៍ (យោងតាមក្រុមហ៊ុន Samsung) នៅរយៈពេលទើបតែ ១៨ថ្ងៃដំបូងបន្ទាប់ពីចរាចរលក់។ មូលហេតុនាំឱ្យមានការប្រកាសប្រមូល Note 7 មកវិញ គឺដោយសារបញ្ហាថ្ម អាចរហូតធ្វើឱ្យផ្ទុះ ដែលបង្កគ្រោះថ្នាក់ដល់អ្នកប្រើ ខណៈដែល Galaxy S7 edge ទើបមានសេចក្ដីរាយការណ៍ថ្ងៃនេះ ម្យ៉ាងក៏មិនឈានដល់ផ្ទុះឡើយ។ ដូច្នេះប្រិយមិត្ត គួរមានការប្រុងប្រយ័ត្ន មិនគួរដោតសាកថ្មពេញមួយយប់ឡើយ ហើយកាន់តែប្រុងប្រយ័ត្ននោះ គឺមិនគួរសាកថ្ម ដោយដាក់ទូរស័ព្ទនៅក្បែរដំណេកឡើយ ដើម្បីសុវត្ថិភាព។ យ៉ាងណា ចំពោះករណីឆេះខ្លោច Galaxy S7 edge នេះ ពុំទាន់មានការបកស្រាយពីក្រុមហ៊ុន Samsung នៅឡើយ៕
X
5s