ស្មាតហ្វូនបត់បានដូចសៀវភៅរបស់ Samsung ចេញឈ្មោះហើយ គឺ Galaxy Wings!
ទូរស័ព្ទបត់បាន ដែលគេជឿថា នឹងជាសមិទ្ធផលស្មាតហ្វូនបំពាក់បច្ចេកវិទ្យាទំនើបជាងគេរបស់ Samsung ក្នុងពេលអនាគតនោះ ថ្មីៗនេះ ត្រូវគេសន្និដ្ឋានថា នឹងមានឈ្មោះ Galaxy Wings។ តាមរយៈប៉ាតង់បច្ចេកវិទ្យាមួយនេះ របស់ Samsung ត្រូវគេរំពឹងថា ក្រុមហ៊ុននឹងផលិតចេញស្មាតហ្វូនអាចបត់បែនបានដូចសៀវភៅនាពេលអនាគត។
បើមើលតាមរូបគំនូសតាងនៃឯកសារប៉ាតង់ខាងលើ គេសង្កេតឃើញ វាជារបកគំហើញបច្ចេកវិទ្យាថ្មី ដែលអាចយកទៅបំពាក់នៅលើឧបករណ៍អេឡិចត្រូនិក ដើម្បីប្រែរូបរាងឧបករណ៍ ទៅជាទម្រង់មួយ អាចបត់បែនដូចជាសៀវភៅបាន។
នៅលើរូបគំនូសតាងនៃប៉ាតង់ខាងលើមានសរសេរឃ្លាថា៖ “Dear Sir or madam! Thank you for purchasing our Galaxy Wings today! Now you can enjoy our virtual keyboard, while having maximum space for writing and reading your e-mails. Enjoy your time with Galaxy Wings!” ដែលហាក់ចង់បញ្ជាក់នូវលក្ខណៈពិសេសរបស់ទូរស័ព្ទកោង Galaxy Wings មានក្ដារចុចប្រភេទ virtual keyboard។
រូបប៉ាតង់ខាងលើបង្ហាញចេញនូវឧបករណ៍មួយដែលមានទំហំប៉ុនស្មាតហ្វូន ដែលអាចបត់បាន ហើយមានក្ដារចុចបន្ថែម នៅផ្នែកចំហៀង។ វាមានសណ្ឋានដូចនឹងថេប្លេតមានរូបរាងពិសេស អមដោយក្ដារចុច Bluetooth។ ចំណែករូបរាងមួយទៀតបង្ហាញ នូវឧបករណ៍ដែលអាចបត់មានរូងចំណិតរង្វង់ ខណៈដែលរូបបន្ទាប់ ឃើញថា ឧបករណ៍មានរាងជាកន្លះរង្វង់ អាចពាក់នៅលើក-ដៃ។
Samsung ជាក្រុមហ៊ុនអេឡិចត្រូនិកយក្សកូរ៉េខាងត្បូង ដែលបានសម្រេចនូវសមិទ្ធផលជាច្រើន សុទ្ធសឹងជាស្មាតហ្វូនទំនើបៗ ប្រើអេក្រង់ OLED ក៏ដូច ជា ទូរទស្សន៍ OLED TV ដែលមានអេក្រង់កោង។ ដូច្នេះ គេជឿជាក់ថា Galaxy Wings នឹងជាទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់ក្រុមហ៊ុន Samsung បង្អួតពិភពលោក៕