មុខងារល្អបំផុតទាំង ១២ មាននៅលើ iPhone 7 ដែលប្រិយមិត្តមួយចំនួនប្រហែលមិនទាន់ដឹងអស់
ទូរស័ព្ទ iPhone 7 ពីរម៉ូដែលត្រូវបានក្រុមហ៊ុន Apple សម្ពោធផ្លូវការកាលពីថ្ងៃពុធកន្លងទៅ អមដោយបច្ចេកវិទ្យាទំនើបៗ លក្ខណៈសម្បត្តិខ្ពស់ ដំណើរការលឿន។ ចំណុចលេចធ្លោនៅលើ iPhone 7 Plus គឺបំពាក់ដោយកាមេរ៉ាក្រោយចំនួន២ ថតនៅទីងងឹតបានយ៉ាងច្បាស់។ iPhone ថ្មីជំនាន់ទី១០ ទាំងពីរ ត្រូវក្រុមហ៊ុនផ្លាស់ប្ដូរទីតាំងខ្សែអង់តែនស ទៅផ្នែកខាងលើ ហើយពុំមានរន្ធកាស 3.5mm ដូចជំនាន់មុនៗទៀតទេ ពោលគឺប្រើប្រាស់រន្ធកាស Lightning ដែលអាចសាកថ្ម និងដោតកាសបាន។
ដោយសារតែ ស្មាតហ្វូនទំនើបនេះ ទើបត្រូវក្រុមហ៊ុនសម្ពោធចេញ ដូច្នេះប្រហែលនៅមានប្រិយមិត្តមួយចំនួន ប្រហែលពុំទាន់ស្វែងយល់មុខងារសំខាន់ៗ ល្អៗនៅលើ iPhone 7 ទាំងពីរនៅឡើយ។ ខាងក្រោមនេះ គឺជាមុខងារល្អបំផុត មាននៅលើ iPhone 7 ទាំងពីរ៖
https://youtu.be/EvuRP2uRtQM
១) ការឌីហ្សាញ (Design)
រូបរាង iPhone 7 និង iPhone 7 Plus មានការរចនាស្រដៀងខ្លាំងទៅនឹង iPHone 6s / 6s Plus គ្រាន់តែមានការកែប្រែបន្តិចបន្តួចប៉ុណ្ណោះ។ ដូចជា ខ្សែអង់តែនត្រូវបានផ្លាស់ប្ដូរទីតាំងទៅផ្នែកកំពូលនៃទូរស័ព្ទ។ ចំណែកលែនកាមេរ៉ាក្រោយ មានទំហំធំជាងមុន។
២) សមត្ថភាពដំណើរការ (Power)
iPhone 7 និង iPhone 7 Plus នឹងបំពាក់ដោយឈីប A10 Fusion SoC។ ឈីប A10 នេះមានប្រភេទ 64-bit quad-core រួមទាំង 2-core សមត្ថភាពខ្ពស់ ដែលមានល្បឿនលឿនជាងមុន ៤០% ប្រៀបធៀបនឹងឈីប A9 ដែលបំពាក់នៅលើ iPhone 6s/ 6s Plus ហើយមាន 2-core សមត្ថភាពខ្ពស់ទៅលើថាមពលថ្ម ធ្វើឱ្យថ្មកាន់បានរយៈពេលយូរជាងមុន នៅពេលអ្នកទុកទូរស័ព្ទចិន។
ក្នុងនោះ iPhone 7 ក៏បានបំពាក់ដោយក្រាហ្វិក 6-core GPU ដែលមានល្បឿនលឿនជាងមុន 50% ធៀបនឹង A9។ វាត្រូវការការផ្គត់ផ្គង់ថាមពលត្រឹមតែ ២ភាគ៣ នៃថាមពលដែលផ្គត់ផ្គង់លើ A9 ប៉ុណ្ណោះ។ ក្រុមហ៊ុន Apple បាននិយាយថា A10 Fusion គឺជាឈីបមានសមត្ថភាពបំផុត ដែលបំពាក់នៅលើស្មាតហ្វូន។
៣) អេក្រង់ (Display)
អេក្រង់ Retina HD ត្រូវបានកែលំអថ្មី ដោយ Apple ធ្វើឱ្យវា អាចបង្ហាញរូបបានច្បាស់ ភ្លឺជាងមុន ២៥% ប្រៀបធៀបនឹង iPhone 6s/ 6s Plus។ វានៅតែគាំទ្រមុខងារ 3D Touch ហើយផ្ដល់ពណ៌កូល័រដិតល្អ។
៤) ទំហំផ្ទុកទិន្នន័យ (Storage)
ទំហំមេម៉ូរីគឺធំជាងមុនគុណនឹង២។ សម្រាប់ម៉ូដែលស្តង់ដារដើម (basic) នឹងមានទំហំ 32GB ហើយទំហំបន្ទាប់គឺ 128GB និងទំហំធំជាងគេគឺ 256GB។
៥) ថាមពលថ្ម (Battery Life)
ក្រុមហ៊ុន Apple អះអាងថា iPhone 7 នឹងកាន់ថ្មជាងមុន ២ម៉ោង សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ប្រៀបធៀបនឹង iPhone 6s ហើយ iPhone 7 Plus នឹងកាន់ថ្មជាងមុន ១ម៉ោង ធៀបនឹង iPhone 6s Plus។
៦) កាមេរ៉ា iPhone 7 (iPhone 7 Camera)
កាមេរ៉ា iPhone 7 មានលក្ខណៈសម្បត្តិដូចជា៖
-Optical Image Stabilization
-f/1.8
-6-element lens
-ល្បឿនចាប់យករូប នៃទំហំកាមេរ៉ា 12MP នៅលើ iPhone 7 គឺមានល្បឿនលឿនជាងមុន ៦០% ហើយសមត្ថភាពល្អជាងមុន ៣០%
-Quad-LED True Tone flash
-Image Signal Processor ថ្មី
-កាមេរ៉ាមុខមានទំហំ 7MP
៧) កាមេរ៉ា iPhone 7 Plus (iPhone 7 Plus Camera)
-កាមេរ៉ា dual-lens សមត្ថភាពថតរូប និងវីដេអូបានច្បាស់ជាងមុន ជាមួយទំហំកាមេរ៉ា 12MP
-មានមុខងារ Zoom ថ្មី ច្បាស់ល្អ ដំណើរការលឿនជាងមុន
-ប្រើ Lens អាចចាប់យករូបកម្រិត Wide-angle 28mm និង 56mm telephoto lens -
-iPhone 7 Plus បំពាក់ដោយ hardware អាចប្រើមុខងារ Zoom ដល់ 2x ហើយ Software អាច Zoom បានដល់ 10x។
៨) ប៊ូតុង Home ថ្មី
iPhone 7 និង 7 Plus មានការកែលំអថ្មីនៅលើប៊ូតុង Home ដោយបានទទួលយកបច្ចុប្បន្នភាពថ្មីជាមួយមុខងារ Force Touch និង Taptic។
៩) ជម្រើសពណ៌ថ្មី
Apple នឹងរក្សាពណ៌ទឹកប្រាក់ ពណ៌មាស និងមាសក្រហម (Rose Gold) ដដែល ប៉ុន្តែបានដកចេញនូវពណ៌ប្រផេះ Space Gray ដោយជំនួសមកវិញនូវពណ៌ខ្មៅ (Dark Black) ពោលគឺខ្មៅជាង Space Gray និងពណ៌ខ្មៅ Jet Black។ មានតែពណ៌ Jet Black ដែលមានមេម៉ូរីទំហំ 128GB និង 256GB សម្រាប់ម៉ូដែល iPhone 7 និង 7 Plus។
១០) មុខងារមិនជ្រាបទឹក និងមិនចូលធូលី
អតិថិជនរបស់ Apple ទាំងឡាយ នឹងរីករាយជាមួយ iPhone ជំនាន់ថ្មី ដោយមិនខ្លាចចូលទឹកទៀតឡើយ ពោលគឺបានបំពាក់មកជាមួយមុខងារការពារពីការជ្រាបទឹក។ ក្រុមហ៊ុនបានអះអាងថា iPhone ថ្មីទាំងពីរត្រូវបានខ្លួន បញ្ចូលស្តង់ដារការពារទូរស័ព្ទពីការជ្រាបទឹក IP67។
១១) ប្រព័ន្ធសំឡេង (Audio)
iPhone 7 ទាំងពីរម៉ូដែលលែងមានរន្ធកាស 3.5mm តទៅទៀត ហើយបានជំនួសដោយរន្ធ Lightning។ ក្នុងនោះ iPhone ស៊េរីថ្មី ក៏បានបំពាក់ stereo speaker ផងដែរ ហើយវានឹងផ្ដល់សំឡឹងឮជាងមុន ៥០% ជាង speaker ចាស់នៅលើ iPhone ជំនាន់មុន។
កាស Lighning Earpods ត្រូវបានជំនាន់ឱ្យកាសស៊េរីចាស់ ហើយក្រុមហ៊ុននឹងចេញលក់ដោយបន្ថែមដុំ Adapter ក្នុងប្រអប់ ដើម្បីអាចដោតប្រើជាមួយរន្ធកាស 3.5mm បាន។ ក្រុមហ៊ុនបានបញ្ជាក់នូវមូលហេតុពីរដែលនាំឱ្យក្រុមហ៊ុនធ្វើការដករន្ធកាស 3.5mm ចេញ៖
-រន្ធកាស Lightning គឺជាក្បាលដោត (connector) ល្អជាង 3.5mm សម្រាប់ប្រព័ន្ធសំឡេង Audio។
-វានឹងមានទំហំទូលាយជាងមុន សម្រាប់សមាសធាតុចាំបាច់ផ្សេងទៀត
https://youtu.be/wwswXnNzX08
១២) បច្ចេកវិទ្យាឥតខ្សែថ្មី (New wireless tech)
ឈីបថ្មី W1 របស់ Apple ផ្ដល់នូវបច្ចេកវិទ្យាឥតខ្សែប្រភេទថ្មី ដែលអាចប្រើឆ្លងឧបករណ៍ Apple Device បាន។ ដើម្បីភ្ជាប់ឧបករណ៍មួយ ទៅឧបករណ៍មួយផ្សេងទៀត គឺមានលក្ខណៈសាមញ្ញ ដោយគ្រាន់តែដាក់ឱ្យវានៅក្បែរគ្នាប៉ុណ្ណោះ។
ទូរស័ព្ទស៊េរីថ្មីទាំងពីររបស់ Apple គឺ iPhone 7 និង 7 Plus ត្រូវបានដាក់ឱ្យបញ្ជាទិញចាប់ពីថ្ងៃទី៩ កញ្ញាកន្លងទៅ ហើយនឹងមានលក់លើទីផ្សារចាប់ពីថ្ងៃទី១៦ កញ្ញា ដែលតម្លៃរបស់វា ចាប់ពី ៦៤៩ដុល្លារសម្រាប់ម៉ូដែល iPhone 7 ទំហំ 32GB ហើយ iPhone 7 Plus ទំហំ 32GB តម្លៃ ៧៤៩ដុល្លារអាមេរិក៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ bgr