ក្រុមហ៊ុន Samsung អះអាងថា បញ្ហាថ្មនៅលើ Galaxy Note 7 គឺដោយសារកំហុសរបស់ដៃគូជាអ្នកផលិត ប៉ុន្តែមិនបញ្ជាក់ឈ្មោះឱ្យដឹង
Galaxy Note 7 របស់ក្រុមហ៊ុន Samsung មានព័ត៌មានមិនល្អនៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយជាប់ៗគ្នា ដោយវាត្រូវបានសាធារណជន រួមទាំងក្រុមហ៊ុនផ្ទាល់ បានដាក់បញ្ចូលទៅក្នុងទូរស័ព្ទអាចបង្កគ្រោះថ្នាក់ដល់អ្នកប្រើ។ ម្ល៉ោះហើយទើប ក្រុមហ៊ុន Samsung ប្រកាសជាសាធារណៈឱ្យអតិថិជនខ្លួន អាចយកទៅផ្លាស់ប្ដូរថ្មីបាននៅអំឡុងពេលមានកម្មវិធីនេះ។
គួររំលឹកថា បញ្ហាថ្មនៅលើស្មាតហ្វូនកូនកាត់ថេប្លេតនេះ ធ្លាប់បង្កឱ្យកើតករណីផ្ទុះឆេះ និងរហូតឈានដល់បង្កឱ្យកើតករណីឆេះរថយន្តមួយគ្រឿងរបស់បុរសម្នាក់ ដោយសារតែសាកថ្មទូរស័ព្ទទុកចោលក្នុងរថយន្ត។ ទោះជាយ៉ាងណា ក៏ករណីផ្ទុះឆេះនេះ មិនបង្ក ឬកើតមានគ្រប់ម៉ូដែល Galaxy Note 7 នោះឡើយ ពោលគឺចំពោះតែជំនាន់ Galaxy Note 7 ជាក់លាក់មួយដែលប្រើប្រភេទថ្មីជាក់លាក់នោះប៉ុណ្ណោះ។
ឥឡូវនេះ ក្រុមហ៊ុន Samsung បានប្រាប់ឱ្យដឹងជាសាធារណៈថា បញ្ហាថ្មគឺនៅលើ Galaxy Note 7 ដែលផលិតពីរោងចក្រជារបស់ដៃគូសហការ ដែលមានការថ្លោះធ្លោយលើគុណភាពខណៈពេល
កំពុងផលិត។ ទោះជាយ៉ាងណា ក្រុមហ៊ុន Samsung មិនបានបញ្ជាក់ឱ្យដឹងជាសាធារណៈនូវក្រុមហ៊ុនដែលបង្កបញ្ហាថ្មនៅលើ Note 7 ឡើយ។ ថ្មខ្លះ គឺ ផលិតដោយដៃគូផ្គត់ផ្គង់មួយនេះ ក្នុងចំណោមដៃគូផ្សេងៗ ប៉ុន្តែភាគច្រើនគឺផលិតដោយដៃគូសហការក្រុមហ៊ុនផ្ទាល់គឺ Samsung SDI Co ហើយចចាមអារ៉ាមឱ្យដឹងថា វាគឺជាថ្មដែលផលិតដោយក្រុមហ៊ុន Samsung ផ្ទាល់៕