Galaxy Note 7 នឹងត្រូវបន្តដាក់លក់វិញចាប់ពីថ្ងៃទី២៨ កញ្ញានេះ បន្ទាប់ពីផ្អាកលក់កាលពីថ្ងៃទី២ កញ្ញា
នៅថ្ងៃទី២ កញ្ញាដើមខែនេះ ក្រុមហ៊ុន Samsung បានប្រកាសផ្លូវការ អំពីការប្រមូល Galaxy Note 7 ប្រមាណ ២,៥លានគ្រឿងដែលទើបចេញលក់មករោងចក្រវិញ ដើម្បីត្រួតពិនិត្យបញ្ហាថ្ម ជៀសវាងបង្កគ្រោះថ្នាក់ដល់អ្នកប្រើ ព្រោះវាឆាប់ឡើងកម្ដៅ រហូតអាចផ្ទុះឆេះបាន។ ដូចដែលប្រិយមិត្តបានដឹងហើយថា បញ្ហាថ្ម នៅលើស្មាតហ្វូនកូនកាត់ថេប្លេតនេះ គឺជាបញ្ហាចោទ និងជារឿងសំខាន់ដែលក្រុមហ៊ុនត្រូវតែប្រញាប់ដោះស្រាយ ព្រោះកន្លងមកមានរបាយការណ៍ថា Note 7 បានផ្ទុះឆេះ រហូតធ្វើឱ្យរថយន្តបុរសម្នាក់ឆេះដោយសារ ដោតសាកថ្មផេប្លេតនេះនៅក្នុងរថយន្ត។
បើផ្អែកតាមរបាយការណ៍ពីបណ្ដាញព័ត៌មាន cnn ឱ្យដឹងថា ក្រុមហ៊ុន Samsung នឹងបន្តដាក់លក់ Galaxy Note 7 នៅលើទីផ្សារមួយចំនួនឡើងវិញ ចាប់ពីថ្ងៃទី២៨ ខែកញ្ញានេះហើយ។ អ្នកនាំពាក្យរបស់ក្រុមហ៊ុនស្មាតហ្វូនដែលក្ដោបក្ដាប់ចំណែកទីផ្សារធំជាងគេលើលោកនេះ បានបញ្ជាក់ថា ក្រុមហ៊ុននឹងបន្តដាក់លក់ Galaxy Note 7 ឡើងវិញ នៅតាមបណ្ដាប្រទេសមួយចំនួន បន្ទាប់ពីការឆែកមើលគុណភាពថ្ម និងកំណត់បាននូវសុវត្ថិភាពដល់អ្នកប្រើហើយនោះ។
សូមបញ្ជាក់ថា បញ្ហាថ្មនៅលើ Galaxy Note 7 មានត្រឹម ០,១% ប៉ុណ្ណោះនៃម៉ូដែលទូរស័ព្ទនេះ ដែលបានចែកចាយលក់ទៅកាន់ពិភពលោកកាលពីពេលថ្មីៗពោលគឺអំឡុងខែសីហាកន្លងទៅ។ ការប្រមូល Galaxy Note 7 មកវិញនេះ សរុបជាទឹកប្រាក់ស្មើនឹងខ្ទង់ពាន់លានដុល្លារឯណោះ បើមើលតាមតម្លៃទីផ្សាររបស់ក្រុមហ៊ុនកូរ៉េបច្ចុប្បន្ន៕