គន្លឹះដ៏សាមញ្ញ ៦ចំណុច ជួយឱ្យអ្នកសាកថ្ម iPhone ឆាប់ពេញជាងមុនយ៉ាងមានប្រសិទ្ធភាព
ប្រសិនអ្នកមានអារម្មណ៍ថា សាកថ្ម iPhone របស់អ្នក មួយរយៈនេះ ហាក់ចូលយឺត ហើយចង់ស្វែងរកវិធីសាស្ត្រយ៉ាងណា ឱ្យទូរស័ព្ទសាកថ្មរហ័សពេញនោះ ដូច្នេះសូមអនុវត្តតាមគន្លឹះសាមញ្ញ ៦ចំណុចនេះ ដើម្បីអាចជួយបង្កើនល្បឿនបាន យ៉ាងមានប្រសិទ្ធភាព។
១) កុំដោតសាកថ្ម iPhone ជាមួយកុំព្យូទ័រ ព្រោះថាមពលចូលយឺត
ប្រសិនអ្នកកំពុងធុញទ្រាន់ទៅលើល្បឿនសាកថ្ម iPhone អ្នកគួរតែដោតសាកថ្មជាមួយរន្ធហ្វ្រ៊ីភ្លើងតាមជញ្ជាំង ឬដុំសាកថ្ម (power bank) ជាជាងការដោតសាកថ្មតាមរន្ធ USB របស់កុំព្យូទ័រ។
២) អាចប្រើឆ្នាំងសាក Charger ដទៃដែលមានសមត្ថភាពសាកថ្មចូលលឿនជាងដុំសាកថ្មរបស់ iPhone
ប្រហែលប្រិយមិត្តមួយចំនួន មានការងឿងឆ្ងល់ និងយល់ថា ដើម្បីសុវត្ថិភាពជៀសវាងការឆាប់ឡើងកម្ដៅ ឬអាចផ្ទុះទូរស័ព្ទ គួរតែសាកថ្មដោយប្រើដុំសាកហ្ស៊ីនរបស់ Apple ដែលមកជាមួយ iPhone ស្រាប់។ ប៉ុន្តែប្រិយមិត្តក៏គួរយល់ដឹងថែមទៀតថា ចំពោះឆ្នាំងសាក third-party ដែលមានម៉ាកត្រឹមត្រូវ និងត្រូវបានផលិតតាមស្តង់ដារ ដូចជាឆ្នាំងសាកម៉ាក ANKER វានឹងមិនមានអ្វីគួរបារម្ភនោះទេ។ ឆ្នាំងសាករបស់ Apple មានតែ 1 amps ទោះបី iPhone អាចប្រើរហូតដល់ 2.1 amps ក៏ដោយ។ ដូច្នេះដុំសាកថ្ម តម្លៃ ១១ដុល្លារនេះ នឹងជួយលោកអ្នកបំពេញថាមពល iPhone លឿនជាងមុនបាន។
៣) សាកល្បងដោះស្រោមទូរស័ព្ទ iPhone ចេញ
ចំណុចផ្សេងទៀត ដែលប្រិយមិត្តប្រហែលមិនបានចាប់អារម្មណ៍សោះនោះ គឺការដោះស្រោម iPhone ក៏អាចជួយបង្កើនល្បឿនសាកថ្មដែរ។ ហេតុអ្វីបានជាដូច្នេះ ? ជាការពិត ការរក្សា iPhoneឱ្យនៅត្រជាក់ ឬសីតុណ្ហភាពថេរ បើធ្វើបានគឺជារឿងល្អ ព្រោះអាចសន្សំសំចៃថ្មមួយកម្រិត។ កាលណាទូរស័ព្ទ iPhone ឡើងកម្ដៅ វានឹងខ្ជះខ្ជាយថាមពលថ្ម។ ដូច្នេះ ដោះស្រោម iPhone ចេញជាទម្រើសល្អមួយ ដើម្បីកុំឲ្យមានការរាំងស្ទះការរំភាយកម្ដៅចេញមកក្រៅ។
៤) អាចបិទកម្មវិធី មួយចំនួនដែលមិនត្រូវការប្រើប្រាស់ នៅលើ iPhone មុនពេលដាក់សាកថ្ម
អ្នកអាចចូលទៅម៉ឺនុយថ្ម (Battery menu) ដែលមាននៅក្នុង Settings ហើយរកមើលតើកម្មវិធី ណាខ្លះស៊ីថាមពលថ្មខ្លាំង។ អ្នកអាចពិចារណា លុបកម្មវិធីនោះចេញ ប្រសិនមិនចាំបាច់ប្រើ។ រឿងត្រូវធ្វើមួយទៀត គឺអ្នកគួរតែចុចបិទស្រ្គីន (screen off) ដើម្បីសន្សំចៃថ្ម ខណៈពេលកំពុងបញ្ចូល។
៥) បើកទម្រង់ Airplane Mode ប្រសិនជាអ្នកពិតជាចង់ឱ្យថ្មសាកឆាប់ពេញ (ប៉ុន្តែ ត្រូវគិតថា តើចាំបាច់ត្រូវទទួលការខលទូរស័ព្ទចូលឬទេ ប្រសិនជាអ្នករវល់ច្រើន ដែលរង់ចាំទូរស័ព្ទ គួរកុំអនុវត្ត)
មិនមានអ្វីត្រូវឆ្ងល់នោះទេ ការបិទ Airplane Mode គឺបញ្ចប់សេវា (service) ទាក់ទងនឹងប្រព័ន្ធតំណភ្ជាប់សេវាទូរស័ព្ទ ដែលជួយសន្សំសំចៃ និងធ្វើឲ្យការសាកថ្មឆាប់ពេញមួយកម្រិតដែរ។
សូមបញ្ជាក់ថា ចាប់ពីជំនាន់ iOS 9 ឡើងទៅក្រុមហ៊ុន Apple បានបញ្ចូលមុខងារសន្សំសំចៃថ្មមួយឈ្មោះថា Low Power ដែលជួយសន្សំចៃថ្មមួយកម្រិត។
៦) កុំប្រើមុខងារសាកថ្មឥតខ្សែជាមួយ iPhone ប្រសិនអ្នកកំពុងប្រញាប់ចង់ឱ្យសាកថ្មឆាប់ពេញ
ជាការពិត សាកថ្មតាម Wireless គឺទំនើប ប៉ុន្តែតាមការធ្វើតេស្ត សាកថ្មឥតខ្សែ គឺយឺតជាងការសាកតាមខ្សែដល់ទៅ ១ម៉ោង៕