iPhone 7 មាន​បញ្ហា​ទៀត​ហើយ ម្ដង​នេះ​គឺ​ពាក់ព័ន្ធ​នឹង​គុណភាព​​សំឡេង​​ពេល​ខល​ទូរស័ព្ទ​​ម្ដង​



មកដល់ពេលនេះ iPhone 7 និង iPhone 7 Plus បានធ្លាក់ដល់ដៃអ្នកប្រើកាន់តែច្រើនទូទាំងសាកលលោក ក្នុងនោះអតិថិជនដែលជាអ្នកប្រើ iPhone ស៊េរីថ្មីនេះ នៅក្នុងប្រទេសកម្ពុជាក៏ចាប់ផ្ដើមកើនឡើងផងដែរ។ នេះបើមើលតាមសកម្មភាពលក់ iPhone 7 / 7 Plus នៅតាមបណ្ដាហាងក្នុងរាជធានីភ្នំពេញ។ ទន្ទឹមនោះ iPhone 7 ក៏មានលេចចេញចំណុចខ្សោយ ដែលជាបញ្ហាផ្សេងៗផងដែរ ប៉ុន្តែក្រុមហ៊ុន Appleមិនទាន់បានចេញមុខបកស្រាយចំពោះបញ្ហាទាំងនោះនៅឡើយ ជាក់ស្ដែងសំឡេងឮសូរចេញពីខាងក្នុងទូរស័ព្ទ។ រីឯរបាយការណ៍ថ្ងៃនេះ បានឱ្យដឹងនូវបញ្ហាថ្មីមួយទៀតនៅលើ iPhone 7 នោះគឺទៅលើគុណភាពសំឡេងខលទូរស័ព្ទ។ ផ្អែកតាមវេទិកាបញ្ចេញមតិគាំទ្រ (support forums) របស់ Apple ដែលរាយការណ៍ដោយគេហទំព័រ AppleInsider ឱ្យដឹងថា អ្នកប្រើ iPhone 7 និង 7 Plus ខ្លះ បានរាយការណ៍បញ្ហាគុណភាពសំឡេងខលលើទូរស័ព្ទរបស់ពួកគេ។ ប្រភពបានឱ្យដឹងថា បញ្ហាសំឡេងគឺថា នៅពេលស្ដាប់ភាគីសន្ទនាទូរស័ព្ទ សំឡេងឆ្លងឆ្លើយមក គឺមានលក្ខណៈខ្សោយ ហាក់ដូចជាភាគីកំពុងនិយាយឆ្ងាយពីទូរស័ព្ទ ខណៈដែលគេដាក់ទូរស័ព្ទជិតមាត់សោះនោះ។ ភាគច្រើននៃអ្នករាយការណ៍ គឺប្រើប្រាស់ iPhone 7 Plus។ យ៉ាងណា ក្រុមហ៊ុនមិនទាន់ចេញមុខបកស្រាយ និងផ្ដល់ការជួសជុលទៅលើបញ្ហានេះនៅឡើយ ប៉ុន្តែអ្នកខ្លះសន្និដ្ឋានថា អាចបណ្ដាលមកពីមាឌសំឡេង (Volume) មិនទាន់ត្រូវបានបើក ឬដំឡើងឱ្យបានខ្លាំង។ វាអាចបណ្ដាលមកពីផ្នែក Hardware ហើយក៏អាចមកពី Software ដែរ៕
X
5s