Apple បង្កើតចំនួនកុម្ម៉ង់ទិញសមាសធាតុ iPhone 7 បន្ថែម ដើម្បីពន្លឿនចង្វាក់ផលិតកម្មឱ្យទាន់តម្រូវការទីផ្សារ
iPhone 7 និង 7 Plus ត្រូវបានក្រុមហ៊ុន Apple បញ្ចេញលក់នៅលើទីផ្សារប្រហែល ២សប្ដាហ៍មកនេះ ឃើញថា ពិតជាទទួលបានការគាំទ្រពីសាធារណជនជាច្រើន តាមរយៈមុខងារ និងបច្ចេកវិទ្យាទំនើបៗមាននៅលើកំពូលទូរស័ព្ទនេះ។ យ៉ាងណា តម្រូវការអាចហក់ឡើងខ្ពស់ ហើយក្រុមហ៊ុន អាចផ្គត់ផ្គង់មិនទាន់ពេល ប្រសិនមិនបានយកចិត្តទុកដាក់។ ប៉ុន្តែបើតាមសេចក្ដីរាយការណ៍ថ្ងៃនេះ ឱ្យដឹងថា ពេលនេះ Apple កំពុងបង្កើនការបញ្ជាទិញស្តុកទុកនូវសមាសធាតុរបស់ iPhone ដើម្បីបំពេញតម្រូវការទីផ្សារ។
ក្រុមហ៊ុន Apple បានបង្កើនចំនួនកុម្ម៉ង់ទិញចូលសមាសធាតុ iPhone 7 នៅត្រីមាសទី៤ ឆ្នាំ២០១៦ នេះ ប្រមាណពី ២០% ទៅ ៣០% ខ្ពស់ជាងការរំពឹងទុក។ នេះដោយយោងតាមសេចក្ដីរាយការណ៍ពីក្រុមហ៊ុនជាដៃគូផ្គត់ផ្គង់បន្ទះ touch មានស្នាក់ការនៅតៃវ៉ាន់។ ក្រុមហ៊ុនផលិត touch panel ឈ្មោះ TPK និង General Interface Solution (GIS) បានទទួលផ្គត់ផ្គង់បន្ទះ touch panel របស់ខ្លួនបំពាក់នៅលើ iPhone 7 ទាំងពីរម៉ូដែល ហើយថ្មីៗនេះ Apple បានធ្វើការកុម្ម៉ង់ទិញចំនួនកាន់តែច្រើនពី GIS ថែមទៀត។ នេះបើតាមការអះអាងពីប្រភពដដែ។
នៅខណៈពេលនេះ ក្រុមហ៊ុន Apple មិនទាន់បានបញ្ចេញតួលេខលក់ iPhone 7 ទាំងពីរម៉ូដែលនៅឡើយ ថ្វីត្បិតវាហាក់ដូចជា ទទួលបានការពេញនិយមពីសាធារណជនទៅលើបច្ចេកវិទ្យាថ្មីៗ និងមុខងារពិសេសៗនៅលើស្មាតហ្វូននេះក៏ដោយ។ យើងប្រហែលត្រូវរង់ចាំរហូតដល់របាយការណ៍សារពើពន្ធប្រចាំត្រីមាសបន្ទាប់ ទើបដឹងពីតួលេខលក់ iPhone 7/ 7 Plus ផ្លូវការពី Apple៕