Samsung ចេញទូរស័ព្ទថ្មី តែប្រើឈ្មោះចាស់ គឺ Galaxy A8 ស៊េរីឆ្នាំ២០១៦ មានស្កេនក្រយៅដៃ Fingerprint (តម្លៃ ៥៨០ដុល្លារ)
ស្មាតហ្វូន Samsung ស៊េរីថ្មី Galaxy A8 (2016) ពេលនេះ ត្រូវក្រុមហ៊ុនសម្ពោធចេញផ្លូវការ ដើម្បីបញ្ចប់ការសង្ស័យទៅនឹងចចាមអារ៉ាមអំពីលក្ខណៈសម្បត្តិ និងរូបរាង រយៈពេល ប៉ុន្មានសប្ដាហ៍កន្លងមក។ Galaxy A8 មានការឌីហ្សាញស្រដៀងនឹងជំនាន់មុន ដែលមានតួផលិតពីលោហធាតុ តែអ្វីដែលថ្មី គឺស្មាតហ្វូនថ្មីនេះ បានបំពាក់មុខងារ Always On ដូចមាននៅលើ Galaxy S7 ដែរ។ អេក្រង់របស់វាមានទំហំ ៥,៧អ៊ីញ កម្រិត 1920x1080px និងបំពាក់ឈីប Exynos 7420 អមដោយ RAM 3GB និងមេម៉ូរី 32GB។
ចំពោះលក្ខណៈសម្បត្តិដទៃទៀតរួមមាន៖ កាមេរ៉ាទំហំ 16MP និងកាមេរ៉ាមុខទំហំ 8MP មានថាមពលថ្ម 3500mAh។ ចំណុចលេចធ្លោនិងថ្មី នៅលើ A8 ស៊េរី២០១៦ នេះ គឺបានបំពាក់មុខងារស្កេនក្រយៅដៃ fingerprint និងដំណើរការដោយ Android 6.0.1 Marshmallow ពីក្នុងប្រអប់ស្រាប់។
ក្រុមហ៊ុននឹងដាក់ឱ្យបញ្ជាទិញ Galaxy A8 ស៊េរី២០១៦ នេះក្នុងពេលឆាប់ៗខាងមុខ នៅលើទឹកដីកំណើត (ទីផ្សារកូរ៉េ)។ យ៉ាងណា ម៉ូដែល Galaxy A8 ពណ៌ខៀវត្រូវបានដាក់លក់ដោយក្រុមហ៊ុន SK Telecom ក្នុងតម្លៃប្រហែល ៥៨០ដុល្លារ ចាប់ពីថ្ងៃទី១ តុលានេះរួចមកហើយ។ យ៉ាងណា ក្រុមហ៊ុនមិនបានបញ្ជាក់កាលបរិច្ឆេទក្នុងការចេញលក់ Galaxy A8 នេះ នៅលើទីផ្សារអន្តរជាតិនៅឡើយ៕