ក្រុមហ៊ុន Samsung ទំនងបញ្ឈប់ចង្វាក់ផលិតកម្ម Galaxy Note 7 តែម្ដង ក្រោយមានករណីនៅតែផ្ទុះឆេះ?
ទើបតែពេលថ្មីនេះ យើងបានឭព័ត៌មានក្ដៅៗមកថា ក្រុមហ៊ុន Samsung នឹងបញ្ឈប់ចង្វាក់ផលិតកម្ម Galaxy Note 7 តែម្ដង ក្រោយមានការអះអាងពីបញ្ហាសុវត្ថិភាពក្នុងការប្រើប្រាស់ស្មាតហ្វូនកូនកាត់ថេប្លេតទំនើបនេះ។ ឥឡូវនេះ ក្រុមហ៊ុន Samsung បានចេញសេចក្ដីថ្លែងការណ៍ផ្លូវការមួយថា ក្រុមហ៊ុនគ្រាន់តែកែតម្រូវចង្វាក់ផលិតកម្ម Note 7 ប៉ុណ្ណោះ មិនមែនបញ្ឈប់ដូចពាក្យចចាមអារ៉ាមនោះទេ។
ក្រុមហ៊ុន Samsung បានថ្លែងថា៖ “យើងកំពុងរុះរើចង្វាក់ផលិតកម្ម Galaxy Note 7 ឡើងវិញដើម្បីធានាឱ្យបាននូវគុណភាព និងសុវត្ថិភាពដល់អ្នកប្រើ”។ របាយការណ៍ខ្លះកាលពីចុងសប្ដាហ៍មុនបានលើកឡើងថា នៅតែមាន Galaxy Note 7 ថ្មីមួយចំនួនដែលក្រោយពីប្ដូរថ្មីក៏ដោយ តែនៅតែកើតមានករណីផ្ទុះឆេះដដែល។
ក្រុមហ៊ុន Samsung ពេលនេះ កំពុងដុតដៃដុតជើងយ៉ាងខ្លាំង ដោយសហការជាមួយនិយតករសុវត្ថិភាពរបស់អាមេរិក (US safety regulators) ប្រសិនអ្នកកំពុងប្រើ Note 7 ថាតើ វាជាទូរស័ព្ទថ្មី ឬទូរស័ព្ទចាស់ មិនទាន់បានផ្លាស់ប្ដូរ ដូច្នេះក្រុមហ៊ុនណែនាំឱ្យអតិថិជនទាំងនោះ ឈប់ប្រើ ហើយបិទវាចោល៕