ប្រធាន Microsoft ប្រចាំអាស៊ីប៉ាស៊ីហ្វិក អះអាងថា ទូរស័ព្ទ Nokia ថ្មីនឹងចាប់កំណើតសារជាថ្មីម្ដងទៀត ពេលឆាប់ៗខាងមុខ!
ថ្មីៗនេះ នាយកប្រតិបត្តិក្រុមហ៊ុន Microsoft ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលោក James Rutherfoord បានអះអាងថា ក្រុមហ៊ុន HMD ពេលនេះ មានគម្រោងនឹងសម្ពោធស្មាតហ្វូនស៊េរីថ្មីប៉ុន្មានគ្រឿងនៅឆ្នាំ២០១៦ នេះ និងនៅឆ្នាំក្រោយជាបន្ត។ HMD Global គឺជាក្រុមហ៊ុនដែលបានទិញសិទ្ធិក្នុងការផលិតទូរស័ព្ទម៉ាក Nokia ពី Microsoft ហើយបានសហការនឹង Microsoft ផ្ទាល់តែម្ដង។ ដូច្នេះគេមានការជឿជាក់ថា ស្មាតហ្វូនម៉ាក Nokia នឹងវិលមកកាន់ទីផ្សារក្នុងពេលឆាប់ៗខាងមុខ។
យោងតាមកាសែតវៀតណាមបានលើកឡើងពីសំដី លោក Rutherfoord ថា ទូរស័ព្ទ Nokia ថ្មីចំនួនពីរម៉ូដែល នឹងបង្ហាញខ្លួននៅចុងឆ្នាំ២០១៦ នេះ ហើយយ៉ាងហោចណាស់ នឹងមានស្មាតហ្វូនថ្មីចំនួន ២ម៉ូដែលទៀតនឹងបង្ហាញខ្លួននៅត្រីមាសទី២ ឆ្នាំ២០១៧ ខាងមុខ។ ទូរស័ព្ទ Nokia ថ្មីដែលនឹងត្រូវវែកមុខចុងឆ្នាំ២០១៦ វាគ្រាន់តែជាទូរស័ព្ទធុនមធ្យមប៉ុណ្ណោះ (ប្រភេទ feature phone)។
សូមបញ្ជាក់ថា ស្ថាប័នព័ត៌មានវៀតណាមនេះ មានការទាក់ទងជាមួយ FIH Mobile ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនឹង Foxconn យ៉ាងជិតស្និទ្ធ។ ដូច្នេះការអះអាងខាងលើអាចជាការពិតភាគច្រើន។ រង់ចាំមើលថា តើទូរស័ព្ទ feature phone របស់ Nokia មានអ្វីពិសេស?