តាមការបញ្ជាក់នៅក្នុងកម្មវិធីប្ដូរ Note 7 របស់ Samsung បានបញ្ជាក់យ៉ាងច្បាស់ថា ២០១៧ នឹងមាន Note 8 ចាប់បដិសន្ធិបន្តទៀត
អាចនិយាយបានថា Samsung មានរាសីធ្លាក់ចុះហើយ សម្រាប់ម៉ូដែល Galaxy Note ស៊េរីឆ្នាំ២០១៦ នេះ ដោយសារស្មាតហ្វូនកូនកាត់ថេប្លេតនេះ បាននាំមកនូវរឿងឈឺក្បាលដល់ក្រុមហ៊ុនយ៉ាងខ្លាំង។ បញ្ហាយ៉ាងធំនៅលើ Galaxy Note 7 គឺអាចបង្កឱ្យអ្នកប្រើរបួសបាន ព្រោះថ្មរបស់ផេប្លេតនេះឆាប់ឡើងកម្ដៅ និងឈានដល់ផ្ទុះឆេះ។
នៅពេលថ្មីៗនេះ មានសេចក្ដីរាយការណ៍ សន្និដ្ឋានថា Samsung ទំនងនឹងបំបិទចោលត្រកូល Galaxy Note ដោយលែងប្រើប្រាស់ឈ្មោះនេះតទៅទៀតហើយ។ ប៉ុន្តែបើតាមសេចក្ដីថ្លែងការណ៍ធ្វើឡើងដោយ Samsung ផ្ទាល់នៅថ្ងៃនេះ ថា ម្ចាស់ Galaxy Note 7 នៅកូរ៉េខាងត្បូង អាចរង់ចាំប្ដូរឡើងស៊េរី Galaxy S8 ឬ Galaxy Note 8 តែម្ដងបាន។
ម្ចាស់ Note 7 ណាដែលទទួលយកកម្មវិធីប្ដូរស៊េរីទូរស័ព្ទ Galaxy ជំនាន់ថ្មីនោះ នឹងអាចយក Note 7 ទៅប្ដូរបានថ្លៃទូរស័ព្ទត្រឹមពាក់កណ្ដាល ហើយចុះកុងត្រារយៈពេល ២ឆ្នាំសម្រាប់ទូរស័ព្ទ សម្រាប់កម្មវិធីប្ដូរស៊េរី Galaxy ជំនាន់ថ្មី (Galaxy Upgrade Program)។ ប្រសិនអតិថិជនដែលស្ថិតនៅក្នុងកម្មវិធីនេះ ចង់បាន Galaxy S8 ឬ Note 8 ពួកគេគ្រាន់តែចំណាយបន្ថែមទៅលើប្រាក់ដែលនៅខ្វះ ឬប្រាក់នៅសល់ជាការស្រេច។
ដូច្នេះនេះសបញ្ជាក់យ៉ាងច្បាស់ នូវឆន្ទៈបន្តអភិវឌ្ឍផេប្លេតត្រកូល Galaxy Note របស់ Samsung ដោយមិនបញ្ឈប់ត្រឹម Galaxy Note 7 ដែលមានបញ្ហាថ្មនេះ ដូចចចាមអារ៉ាមកន្លងមកបានលើកឡើងនោះទេ។
ខណៈ ពេលនេះ កម្មវិធីរង់ចាំប្ដូរ Note 7 ឡើង Galaxy S8 ឬ Galaxy Note 8 ថ្វីត្បិតមាននៅតែលើទីផ្សារកូរ៉េ ប៉ុន្តែក្រុមហ៊ុនក៏នឹងនាំយកកម្មវិធីនេះ ទៅតាមបណ្ដាប្រទេសផ្សេងៗ ទៀតផងដែរ ដោយអាស្រ័យលើប្រជាប្រិយភាពរបស់ខ្លួនតាមតំបន់ទាំងនោះ។ សូមបញ្ជាក់ថា បញ្ហា Galaxy Note & បានធ្វើឱ្យ Samsung ខាតបង់ប្រាក់ប្រមាណ ១៧ពាន់លានដុល្លារ បាត់បង់ចំណែកទីផ្សារ ព្រមទាំងកើតមានរឿងរកាំរកូសឈានទៅដល់ករណីបណ្ដឹងទៀតក៏មាន៕