ភូមិបៃតង៖ លំនៅដ្ឋានរបស់ Angelina Jolie នៅកម្ពុជា​



ការឃ្លាតឆ្ងាយពីផ្ទះអាចមានអារម្មណ៏ស្រងូតស្រងាត់សម្រាប់មនុស្សមួយចំនួន ប៉ុន្តែស្នាក់នៅក្នុងលំនៅដ្ឋានដែលមានភាពប្រណិតអាចជួយឱ្យពួកគេមានអារម្មណ៏ស្រស់ស្រាយជាងមុន។ មនុស្សមួយចំនួនចូលចិត្តបន្ទប់ធំទូលាយ មួយចំនួនចង់បានកន្លែងមានសេវាកម្មល្អ មួយចំនួនចង់បានកន្លែងមានទេសភាពទីក្រុងស្អាត ហើយមួយចំនួនទៀតគ្រាន់តែចង់បានកន្លែងដែលមានទេសភាពស្រស់ស្អាតនៅជុំវិញពួកគេប៉ុណ្ណោះ។ សម្រាប់ Angelina Jolie វិញចូលចិត្តរស់នៅកន្លែងដែលនាងអាចសម្របខ្លួនរបស់នាងជាមួយនឹងវប្បធម៌នោះបាន។ ហើយនោះជាហេតុផលដែលធ្វើឲ្យអ្នកនាងជ្រើសរើសយកភូមិបៃតងដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន Zannier Hotels។ តើវាចាប់ផ្តើមដោយរបៀបណា? នាងបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាច្រើនលើកមកហើយ ថ្ងៃមួយនាងបានចាប់អារម្មណ៍នឹងផ្ទះលំហែកាយបែបខ្មែរដែលមានឈ្មោះថាភូមិបៃតងតាមរយៈទស្សនាវដ្តី។ វាជាពេលវេលាដ៏ល្អបំផុតនាងបានមកសម្រាកលំហែនៅទីនេះបន្ទាប់ពីបានថតភាពយន្តដែលមានចំណងជើងថា First They Killed My Father។ នាងបានចំណាយពេលវេលាផ្ទាល់ខ្លួនជាឯកជនជាមួយក្រុមគ្រួសារប្រមាណ៣ទៅ៤ខែនៅក្នុងផ្ទះលំហែកាយដ៏ប្រណិតមួយនេះ។ លោក Arnaud Zannier ដែលជាស្ថាបនិកសណ្ឋាគារ Zannier Hotels បានលើកឡើង រឿងមួយគឺ Shiloh ដែលជាកូនម្នាក់ក្នុងចំណោមកូនរបស់អ្នកនាង Jolie បានដាក់តង់មួយក្នុងសួនច្បារ។ ក្នុងពេលជាមួយគ្នានោះដែរនាង Jolie បាននិយាយថា “ភូមិបៃតគឺជាកន្លែងដែលល្អបំផុតរបស់ប្រទេសកម្ពុជាសម្រាប់អ្នកចង់បានភាពស្ងប់សុខ និងជាកន្លែងពិសេសតែមួយគត់ក្នុងប្រទេស។” លោក Zannier បានបន្តទៀតថា “នាងJolieពេញចិត្តនឹងសណ្ឋាគារមួយនេះដោយសារតែ ភាពសាមញ្ញ ស្រស់ស្អាត និងពោរពេញដោយមនោសញ្ចេតនា។ ពួកយើងបានព្យាយាមនាំយកភាពដើមរបស់កម្ពុជាមករំលេចក្នុងបរិវេណនៃសណ្ឋាគារនេះ។” អំពីសណ្ឋាគារ៖ ភូមិបៃតងមានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប និងជាប្រភេទវីឡាលំហែកាយលំដាប់ផ្កាយប្រំា ប៉ុន្តែកត្តាមួយដែលធ្វើឲ្យអ្នកនាង Angelina Jolie ពេញចិត្តនឹងសណ្ឋាគារមួយនេះដោយសារទេសភាពវាលស្រែ និងកសិករ។ ជាងនោះទៅទៀតរមណីយដ្ឋាននេះមានផ្ទៃដីទំហំជាង៣ហិចតា ជាមួយនឹងទេសភាពបៃតងខៀវស្រងាត់។ មានវីឡាសរុបចំនួន៤៥ដែលជាស្ថាបត្យកម្ម និងរចនាបទរបស់ខ្មែរយើងពិតៗ មានវីឡាចំនួន២៥មានដំបូលដែលមានរានហាលខាងមុខលក្ខណៈឯកជន និងវីឡាចំនួន២០ផ្សេងទៀតមានអាងហែលទឹកឯកជន។ ព័ត៌មានលម្អិតសូមអាន realestate.com.kh
X
5s