Huawei ទើបប្រកាស Smartwatch ស៊េរីថ្មី ភ្ជាប់មុខងារត្រួតពិនិត្យកាយសម្បទាយ៉ាងពិសេស តម្លៃតែ $129
ម្សិលមិញនេះ គេសង្កេតឃើញមានការបែកធ្លាយរូបដែលសន្និដ្ឋានថា ជានាឡិកាឆ្លាតវៃជំនាន់ថ្មីរបស់ក្រុមហ៊ុន Huawei ម៉ូដែល Fit smartwatch។ ចំណែកពេលនេះ ក្រុមហ៊ុនបានសម្ពោធចេញផ្លូវការហើយ ដែលមានអមដោយមុខងារត្រួតពិនិត្យកាយសម្បទាមួយចំនួន។
Huawei Fit នេះត្រូវបានឌីហ្សាញរូបរាងសាមញ្ញ ប៉ុន្តែភ្ជាប់មុខងារទំនើប និងប្រើមិនងាយសុំា។ នាឡិកាថ្មីរបស់ Huawei នេះបានបំពាក់នូវមុខងារត្រួតពិនិត្យកាយសម្បទា ដែលសំខាន់ៗមានដូចជា៖ មុខងារវាស់ចង្វាក់បេះដូង (heart rate monitor) និងមុខងារវាស់លក្ខណៈសម្បទារបស់អ្នកប្រើប្រាស់ជាដើម។ វាក៏មានមុខងារវាស់ជំហានជើង ចម្ងាយផ្លូវ កម្រិតដុតបំផ្លាញកាឡូរី ហើយក៏ស្គាល់នូវដំណើរបោះជំហានជើងរបស់អ្នកថែមទៀត។
Huawei Fit នឹងមានលក់លើទីផ្សារក្នុងពេលឆាប់ៗខាងមុខ ជាមួយតម្លៃ ១២៩,៩៩ដុល្លារអាមេរិក។ នាឡិការបស់ក្រុមហ៊ុនទូរស័ព្ទខ្នាតយក្សលំដាប់លេខ៣ លើលោកនេះ អាចភ្ជាប់ប្រើជាមួយឧបករណ៍ (ស្មាតហ្វូន/ថេប្លេត) ដែលដំណើរការទាំងប្រព័ន្ធ iOS និង Android។ នាឡិកា Fit ទំនើបនេះ នឹងមានជម្រើសខ្សែផ្សេងៗគ្នា ដែលក្នុងនោះនឹងមានពណ៌ខ្មៅ ពណ៌ទឹកក្រូច និងខៀវ ហើយនាឡិកាផ្ទាល់ នឹងបែងចែកជាពីរពណ៌គឺ ពណ៌ទឹកប្រាក់ និងពណ៌ប្រផេះ។ វានឹងមានលក់លើទីផ្សារអាមេរិកចាប់ពីថ្ងៃនេះ ប៉ុន្តែក្នុងចំនួនកំណត់ប៉ុណ្ណោះ ទៅតាមបណ្ដាហាងមួយចំនួនដូចជា Best Buy, New Egg និង Amazon៕