Nintendo Switch Console នឹងមានលក់លើទីផ្សារដើមឆ្នាំ២០១៧ តម្លៃ ៤០០ដុល្លារ (Video)
ក្រុមហ៊ុន Nintendo ថ្មីៗនេះ បានប្រកាសឱ្យដឹងជាសាធារណៈថា ខ្លួននឹងរៀបចំព្រឹត្តិការណ៍មួយនៅក្នុងខែមករា ដើមឆ្នាំក្រោយ ដើម្បីបង្ហាញឧបករណ៍ហ្គេម (console) Nintendo Switch របស់ខ្លួន។ ចំណែកពេលនេះ យើងទទួលបានព័ត៌មានអំពីតម្លៃរបស់ហ្គេមខនសូលរបស់ក្រុមហ៊ុនម្ចាស់ហ្គេមតុក្កតាស៊ីផ្សិតនេះហើយ ដែលនឹងមានលក់លើទីផ្សារក្នុងតម្លៃប្រហែល ៤០០ដុល្លារអាមេរិក។
ក្រុមហ៊ុនឯកទេសផលិតហ្គេមដែលមានទីស្នាក់ការនៅប្រទេសជប៉ុននេះ នឹងប្រើប្រាស់ Nintendo Switch ដើម្បីប្រកួតប្រជែងទីផ្សារឧបករណ៍ហ្គេមជាមួយ PlayStation 4 Pro និង Xbox One S ព្រមទាំងនឹងដាក់លក់ក្នុងតម្លៃ ៤០០ដុល្លារ ស្មើនឹងតម្លៃ Game Console ទាំងពីររបស់ Sony និង Microsoft ដែរ។
ប្រធានក្រុមហ៊ុន Nintendo លោក Tatsumi Kimishima ថ្មីៗនេះ បានថ្លែងប្រាប់គេហទំព័រ Gamespot អំពី Nintendo Switch ហើយបានលើកឡើងថា ក្រុមហ៊ុនជឿថា នឹងអាចកើបប្រាក់ចំណេញពីឧបករណ៍ជំនាន់ថ្មីនេះមិនខាន។
ក្រុមហ៊ុន Nintendo នឹងប្រារព្ធធ្វើព្រឹត្តិការណ៍នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ ខាងមុខ ហើយយើងរំពឹង នឹងបានឃើញឧបករណ៍ហ្គេម console ស៊េរីថ្មីនេះមិនខាន។ រង់ចាំមើលថាតើវានឹងមានលក្ខណៈពិសេស ជាង Game Console ដទៃកម្រិតណា។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានការបង្ហោះវីដេអូបង្ហាញនូវលក្ខណៈសម្បត្តិ មាននៅលើ Nintendo Switch ដែលគេសង្កេតឃើញថា វាពិតជាមានលក្ខណៈពិសេសខុសប្លែកពី Game Console ក្រុមហ៊ុនដទៃ។ Nintendo Switch មានលក្ខណៈពិសេស អាចឱ្យគេដោះដៃហ្គេមទាំងគូរចេញពីអេក្រង់ touchscreen ដែលអេក្រង់មានទំហំ ៦,២អ៊ីញកម្រិត 720p។ នេះគឺមានន័យថា មិនខ្វល់ថា អ្នកនៅទីណា មិនថានៅផ្ទះ ឬពេលកំពុងធ្វើដំណើរ គឺសុទ្ធតែអាចលេងហ្គេមបានគ្រប់ពេល។ សូមទស្សនាវីដេអូបង្ហាញលក្ខណៈពិសេសរបស់ Nintendo Switch ដូចខាងក្រោម៖
https://youtu.be/f5uik5fgIaI