តាមពិត Microsoft បម្រុងដាក់ Touch Bar នៅលើកុំព្យូទ័រ មុន Apple តាំងពី ១៥ឆ្នាំមុន?
Apple ទើបតែបញ្ចេញ MacBook Pro ស៊េរីថ្មីរបស់ខ្លួន ដែលមានភ្ជាប់លក្ខណៈពិសេសដោយមានរបារថាច់សម្រាប់បញ្ជាមុខងារ ហៅថា Touch Bar ហើយនេះប្រហែលជាការចង់បានរបស់ Apple ដើម្បីប្រកួតប្រជែងនឹងកុំព្យូទ័រ ThinkPad X1 Carbon របស់ Lenovo ដែរ ដែលបានបញ្ចេញលក់នៅលើទីផ្សារតាំងពីឆ្នាំ២០១៤។ ចំណែករបាយការណ៍ថ្មី នេះ បានលើកឡើងថា Microsoft ក៏កំពុងស្រាវជ្រាវ បញ្ចូលរបារថាច់បែបនេះ ទៅលើ keyboard របស់ខ្លួនផងដែរ។
រឿងដែលមិននឹកស្មាននោះ គឺថា Microsoft បានចំណាយពេលស្រាវជ្រាវ Touch Bar ដើម្បីបំពាក់នៅលើ Keyboard ប្រភេទដកបាន អស់រយៈពេលដល់ទៅ ១៥ឆ្នាំមកហើយ គិតមកទល់ពេលនេះ។ គំរូ hardware ត្រូវបានបង្ហាញតាំងពីឆ្នាំ ១៩៩៩។ លោក Steven Bathiche ប្រធានផ្នែកស្រាវជ្រាវនៅ Microsoft បានចំណាយពេលស្រាវជ្រាវបង្កើត keyboard ប្រភេទនេះ ដែលផ្លាស់ប្ដូរបទពិសោធន៍ក្នុងការប្រើប្រាស់ចង្កឹះមុខងារ ទាំង function key និងការប្រើមុខងារដទៃទៀត អាស្រ័យតាមកម្មវិធីខុសៗគ្នានៅលើអេក្រង់។ https://youtu.be/ojusRO38Tdc ខណៈ ពេលនេះ ក្រុមហ៊ុន Microsoft ត្រូវបានគេហទំព័រ Theverge រាយការណ៍ថា បានកំពុងស្រាវជ្រាវ ហើយកំពុងប្រៀបធៀបទម្រង់ Touch Bar របស់ខ្លួន ទៅនឹង Touch Bar ដែលមាននៅលើ MacBook Pro របស់ Apple។ ក្រុមហ៊ុនអាចមានការខកចិត្ត ដោយសារដៃគូររបស់ខ្លួនបានបង្ហាញបច្ចេកវិទ្យាដូចគ្នានេះមុនខ្លួនមួយជំហាន ប៉ុន្តែ Microsoft ក៏ទំនងមិនបញ្ឈប់ត្រឹមនេះ ដោយធ្វើការកែច្នៃឱ្យ Touch Bar របស់ខ្លួនរឹតតែល្អជាងរបស់ Apple ក៏ថាបាន។ រង់ចាំមើលទាំងអស់គ្នាថា តើកុំព្យូទ័រ Surface ឬ Keyboard ប្រភេទដកដាច់បាន នៅពេលខាងមុខ នឹងមានលក្ខណៈពិសេសភ្ជាប់របារថាច់ឡូយកម្រិតណា បើប្រៀបធៀបនឹង Touch Bar នៅលើ MacBook Pro បច្ចុប្បន្ន?