Galaxy S8 នឹងត្រូវដកប៊ូតុង Home ចេញ ហើយប្រើអេក្រង់ QHD Display និងមាន RAM 6GB ចេញនៅខែកុម្ភៈ ២០១៧
ស្មាតហ្វូនត្រកូលខ្ពស់ Galaxy S8 របស់ Samsung កន្លងទៅត្រូវគេរំពឹងថា នឹងភ្ជាប់ដោយអេក្រង់កម្រិត 4K។ ចំណែករបាយការណ៍ថ្មីនេះវិញ លើកឡើងថា Galaxy S8 នឹងបំពាក់អេក្រង់កម្រិត Quad HD អមជាមួយទំហំ resolution 2560x1440px គឺដូចទៅនឹង resolution នៅលើអេក្រង់ Galaxy S7។
ក្រុមហ៊ុន Samsung ថែមទាំងត្រូវគេរំពឹងទៀតថា ប៊ូតុង Home នឹងត្រូវដកចេញ លែងប្រើ នៅលើ Galaxy S8 ដែលកន្លងទៅមានចចាមអារ៉ាមនៅលើ iPhone 8 ដូចគ្នាដែរ។
យើងអាចរំពឹងថា Galaxy S7 នឹងបំពាក់ដោយបន្ទះឈីបជំនាន់ថ្មី អាចជាឈីប Qualcomm Snapdragon 830 និងបន្ទះឈីបស៊េរី Exynos ផលិតដោយ Samsung ផ្ទាល់។ ហើយគេរំពឹងទៀតថា S8 នឹងបំពាក់ដោយ RAM ទំហំ 6GB ធ្វើឱ្យដំណើរការរបស់វារឹតតែលឿន។
គេរំពឹងថា ក្រុមហ៊ុន Samsung នឹងសម្ពោធចេញ Galaxy S8 នៅអំឡុងសមាជទូរស័ព្ទពិភពលោក MWC 2017 ដែលនឹងប្រារព្ធធ្វើនៅខែកុម្ភៈ ឆ្នាំ២០១៧ ក្រោយនេះ៕