Qualcomm ប្រកាសចេញឈីបថ្មី Snapdragon 835 បង្កប់បច្ចេកវិទ្យា Quick Charge 4.0 នឹងធ្វើឲ្យទូរស័ព្ទសាកថ្មកាន់តែចូលលឿន សាក ៥នាទី ប្រើបាន៥ម៉ោង!
ក្រុមហ៊ុន Qualcomm ថ្មីៗនេះ ទើបបានប្រកាសចេញបន្ទះឈីបអង្គប្រតិបត្តិជំនាន់ថ្មីសម្រាប់ប្រើប្រាស់ជាមួយស្មាតហ្វូន។ ឈីបថ្មីនេះ ស្ថិតនៅក្នុងសែស្រឡាយ Snapdragon ដែលមានឈ្មោះ Snapdragon 835។ ចំណុចពិសេសរបស់វា គឺនឹងគាំទ្រមុខងារសាកថ្មរហ័ស Quick Charge 4.0 នឹងជួយឱ្យការសាកថ្មទូរស័ព្ទកាន់តែចូលលឿនជាងជំនាន់មុន Quick Charge 3.0។
ដោយការសហការជាមួយក្រុមហ៊ុន Samsung ផងនោះ ក្រុមហ៊ុន Qualcomm សម្រេចបានបន្ទះឈីប 10-nanometer FinFET ដែលជាអង្គប្រតិបត្តិទូរស័ព្ទជំនាន់ថ្មី សន្យានឹងកែលំអសមត្ថភាពឱ្យរឹតតែខ្ពស់ជាងមុន ជាងជំនាន់ Snapdragon 820 និង 821 ដែលប្រើ 14nm FinFE ទៅទៀត។ គេរំពឹងថា ឈីបថ្មីនឹងបង្ហាញខ្លួននៅលើស្មាតហ្វូន អំឡុងត្រីមាសទី១ ឆ្នាំ២០១៧ ខាងមុខ។
ជាមួយការឌីហ្សាញបន្ទះឈីបថ្មី នឹងធ្វើឲ្យវាមានសមត្ថភាពជាងមុន ២៧% សន្សំសំចៃការប្រើប្រាស់ថាមពលជាងមុន ៤០% ដូច្នេះទូរស័ព្ទនឹងកាន់ថ្មរឹតតែបានយូរ។ Snapdragon 835 នឹងជួយឱ្យទូរស័ព្ទសាកថ្មចូលលឿនជាមួយបច្ចេកវិទ្យា Quick Charge 4.0 លឿនជាង ២០% ពោលគឺប្រើពេលតែ ៥នាទី អាចសាកទូរស័ព្ទប្រើបាន ៥ម៉ោង។ នេះដោយផ្អែកតាមការធ្វើតេស្តនៅលើថ្មទូរស័ព្ទកម្រិត 2750mAh របស់ Qualcomm រួចមក ហើយមុខងារ Quick Charge 4.0 នេះ មិនមានប៉ះពាល់ដល់ការប្រើប្រាស់អ្វីឡើយ ពោលគឺអាចរក្សាសុវត្ថិភាពដល់អ្នកប្រើបាន៕