ពូកែហោះខុសទំនង គ្មានដឹងពេលមែនទេ ប៉ះកាំភ្លើងបាញ់ Drone នេះនឹងត្រូវចប់ (Video)
Drone រឹតតែពេញនិយម ស្របពេលកាមេរ៉ាថតសកម្មភាព (action) កាមេរ៉ា កំពុងមានទីផ្សារ និងប្រកួតប្រជែងយ៉ាងស្វិតស្វាញ។ Drone ត្រូវបានផលិតឡើងក្នុងគោលបំណងផ្សេងៗគ្នា ក្នុងនោះ គេសង្កេតឃើញ ភាគច្រើនត្រូវបានប្រើប្រាស់សម្រាប់ការចាប់យករូបភាព និងវីដេអូពីផ្ទៃអាកាស ប្រកបដោយទេសភាពស្រស់បំព្រង ហើយវាក៏ត្រូវពឹងផ្អែកទៅលើគុណភាពកាមេរ៉ា តើច្បាស់កម្រិតណាផងដែរ។ អ្វីដែលនឹងធ្វើឱ្យប្រិយមិត្តភ្ញាក់ផ្អើល គឺឥឡូវនេះ មានកាំភ្លើងបាញ់ដ្រូនទម្លាក់ទៀត។
ក្រុមហ៊ុន Droneshield ថ្មីៗនេះបានផលិតបាននូវឧបករណ៍ថ្មីមួយ អាចហៅបានថា ជាកាំភ្លើងទុកប្រើប្រាស់សម្រាប់បញ្ឈប់ដ្រូន ពីការថតវីដេអូ ដោយបាញ់ទម្លាក់មកលើដីតែម្ដង។ កាំភ្លើងបាញ់ដ្រូននេះមានឈ្មោះថា Dronegun ដែលមានមុខងារ return home ពោលគឺបាញ់ទម្លាក់ភ្លាមៗ និងយកទៅផ្ទះ បានយ៉ាងរហ័ស។ ចង់ដឹងថា តើ Dronegun នេះពិសេសយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖
https://youtu.be/sbW3ZeoMJio
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងស៊ីដនី DroneShield នេះទើបបញ្ចេញកាំភ្លើងបាញ់ Drone ថ្ងៃច័ន្ទនេះ។ វាជាកាំភ្លើងដែលអាចគ្រប់គ្រង បញ្ជាបានដោយមនុស្សតែម្នាក់គឺគ្រប់គ្រាន់។ វាមានទម្ងន់ប្រហែល ៦គីឡូក្រាម វាអាចបាញ់ទម្លាក់ដ្រូន ឬម៉ាស៊ីនហោះបញ្ជាដោយតេឡេផ្សេងៗ ក្នុងចម្ងាយ ឬកម្ពស់ប្រហែល ២គីឡម៉ែត្រ។
ក្រុមហ៊ុន DroneShield បានលើកឡើងថា Dronegun នឹងមានលក់លើទីផ្សារសកល ដែលអ្នកអាចទិញប្រើបានក្នុងពេលឆាប់ៗខាងមុខ។ កាំភ្លើងនេះ នឹងធ្វើឱ្យញញើតលែងសូវហ៊ាន បង្ហោះដ្រូន ដោយមិនមើលពេលវេលាសមរម្យទៀតឡើយ។ នាយកប្រតិបត្តិរបស់ DroneShield លោក Peter James បានមានប្រសាសន៍ថា កាំភ្លើងនេះនឹងមានទីផ្សារ ព្រោះវាអាចត្រូវបានប្រើនៅតាមបណ្ដាស្ថាប័នធំៗ សំខាន់ៗដើម្បីរក្សាការណ៍សម្ងាត់ និងសន្តិសុខដែនអាកាស ជៀសវាងការឆ្លបយកការណ៍ផ្សេងៗ៕