គិតម៉េចដែរ បើ Nokia វិលមកវិញជាមួយ ស្មាតហ្វូន Android អេក្រង់ ៥,៥អ៊ីញ RAM 3GB កាមេរ៉ា 16MP/8MP? នៅបន្តគាំទ្រអត់?
ថ្មីៗនេះ ក្រុមហ៊ុន Nokia ទើបតែបានអះអាង ជាមួយឃ្លាបង្ហើបថា នឹងមានអ្វីថ្មីបង្ហាញចេញក្រោមម៉ាកស្មាតហ្វូនរបស់ខ្លួននៅលើទីផ្សារក្នុងឆ្នាំ២០១៧ ក្រោយនេះ។ ហើយរបាយការណ៍ក្ដៅៗនេះ បានលើកឡើងថា ក្រុមហ៊ុនទូរស័ព្ទហ្វាំងឡង់នេះ អាចនឹងសម្ពោធស្មាតហ្វូន Android ម៉ូដែល Nokia D1C ជាមួយអេក្រង់ពីរផ្សេងគ្នា គឺ ៥អ៊ីញ និង ៥,៥អ៊ីញ។
ប្រភពដដែលបានអះអាងទៀតថា ស្មាតហ្វូនមួយក្នុងចំណោមទាំងពីរម៉ូដែល នឹងត្រូវវែកមុខចេញផ្លូវការនៅដើមឆ្នាំ២០១៧ ក្រោមឈ្មោះ Nokia D1C ប៉ុន្តែសម្រាប់ម៉ូដែលស៊េរីខ្ពស់មួយផ្សេងទៀត គឺអាចមានឈ្មោះខុសគ្នា។
គំរូទូរស័ព្ទ Nokia ដើរដោយ Android OS
យោងតាមគេហទំព័រ NokiaPowerUser ឱ្យដឹងថា ទូរស័ព្ទ Nokia D1C នឹងមានកម្រិតអេក្រង់ 1080x1920px សម្រាប់ម៉ូដែល ៥,៥អ៊ីញ នឹងមាន RAM 3GB កាមេរ៉ាក្រោយទំហំ 16MP ខណៈម៉ូដែល ៥អ៊ីញ នឹងមាន RAM ត្រឹម 2GB ហើយកាមេរ៉ាទំហំ 13MP។ ទូរស័ព្ទ Nokia ដើរដោយ Android នឹងបំពាក់ដោយបន្ទះឈីប Snapdragon របស់ក្រុមហ៊ុន Qualcomm 430 ប្រភេទ Octa-core ហើយមានកាមេរ៉ាមុខមាន 8MP ខណៈដែលមេម៉ូរីម៉ាស៊ីនទំហំ 16GB។ Nokia Android Phone នឹងដើរដោយ Android 7 Nougat ពីក្នុងប្រអប់ស្រាប់៕ រង់ចាំអ៊ុតមើលទាំងអស់គ្នា ស្មាតហ្វូន Nokia ដែលនឹងបំពាក់ប្រព័ន្ធប្រតិបត្តិការ Android តើអាចប្រកួតប្រជែងទីផ្សារស្មាតហ្វូនទំនើបៗបច្ចុប្បន្នបានកម្រិតណា?