របាយការណ៍ពាក់ព័ន្ធមូលហេតុ Note 7 ផ្ទុះលែងមាននរណាហ៊ានប្រើ គឺដោយសារការវេចខ្ចប់ថ្ម (Battery) តឹងណែនខ្លាំងពេក
រយៈពេលជាង ៣ខែមកហើយ ចាប់តាំងពី Samsung មានបញ្ហា ដោយកំពូលទូរស័ព្ទ Note 7 បច្ចេកវិទ្យាទំនើបចុងក្រោយរបស់ខ្លួន បែរជាផលិតខុសស្តង់ដារថ្ម បង្កការផ្ទុះឆេះ រហូតត្រូវក្រុមហ៊ុនប្រកាសប្រមូលត្រឡប់ចូលរោងចក្រវិញ។ ជាការពិត បន្ទាប់ពីមានកើតមានករណីផ្ទុះ Galaxy Note 7 បានមួយរយៈពេល ក្រុមហ៊ុនក៏បានស៊ើបអង្កេតរកឃើញ បញ្ហាគឺកើតចេញពីថ្ម ដែលផលិតខុសស្តង់ដារ។ ចំណែករបាយការណ៍ថ្មីថ្ងៃនេះ បានលើកឡើងថា បញ្ហាថ្មនោះ គឺបណ្ដាលមកពីការវេចឲខ្ចប់តឹងណែនខ្លាំងពេក។ យ៉ាងណា នេះគ្រាន់តែជារបាយការណ៍ក្រៅផ្លូវការ ពុំមានការអះអាងពី Samsung ផ្ទាល់ថាយ៉ាងណានៅឡើយ។
ក្រុមវិស្វករ Hardware មួយក្រុម ជាមួយក្រុមហ៊ុនបច្ចេកវិទ្យា Instrumental បានគាស់មើលគ្រឿងក្នុងរបស់ Galaxy Note 7 ប៉ុន្មានគ្រឿង និងបានអះអាងថា វាសុទ្ធតែអាចប្រឈមករណីផ្ទុះឆេះ។ ពួកគេបានរកឃើញថា ការផ្ទុះក្រោមលក្ខខណ្ឌបែបធម្មជាតិលើទូរស័ព្ទ គឺបណ្ដាលមកពីបញ្ហាមូលដ្ឋាន និងការឌីហ្សាញថ្ម របស់ Galaxy Note 7។ គេជឿថា Samsung ប្រហែលក៏បានដឹងអំពីចំណុចខ្សោយផ្នែកសុវត្ថិភាពនៅលើការឌីហ្សាញពិសេសនេះ ប៉ុន្តែក្រុមហ៊ុនអាចចង់ធ្វើឱ្យវាមានលក្ខណៈទំនើប និងចង់ដើរទៅមុខមួយជំហានប្រៀបធៀបនឹងក្រុមហ៊ុនទូរស័ព្ទជាដៃគូប្រកួតប្រជែងខ្លួន លើការសម្រេចបាននូវការវេចខ្ចប់ថ្មទំនើប ក៏អាចជួយឱ្យរូបរាងទូរស័ព្ទបានស្ដើង និងហាប់ណែនថែមទៀត។
សូមបញ្ជាក់ថា អំឡុងការប្រកាសប្រមូលចូល Galaxy Note 7 មករោងចក្រវិញដំណាក់កាលដំបូង ក្រុមហ៊ុនបានលើកហេតុផលថា គឺដោយសារបញ្ហាថ្មទូរស័ព្ទ។ លុះក្រោយមកមិនយូរប៉ុន្មាន ក្រុមហ៊ុនក៏សម្រេចចិត្តបញ្ឈប់ចង្វាក់ផលិតកម្ម Note 7 តែម្ដង ដោយសារលទ្ធផលនៅតែដដែល ទោះបីក្រុមហ៊ុនបានផ្លាស់ប្ដូរម៉ូដែល Note 7 ថ្មីហើយក៏ដោយ៕