ចេញ​កាលបរិច្ឆេទ សង្ស័យ Galaxy S8 ​បង្ហាញ​ខ្លួន​នៅ​អំឡុង​ខែ​ចែត្រ ចូល​ឆ្នាំ​ខ្មែរ​



ខណៈសាធារណជនកំពុងចាប់អារម្មណ៍ព័ត៌មានកំពូលស្មាតហ្វូន S8 របស់ Samsung ហើយរបាយការណ៍ពេលកន្លងទៅ បានលើកឡើងថា Galaxy S8 នេះនឹងបង្ហាញខ្លួនក្នុងសមាជទូរស័ព្ទពិភពលោក MWC 2017 ដែលនឹងប្រារព្ធធ្វើនៅក្នុងខែកុម្ភៈខាងមុខ។ យ៉ាងណាចំណែករបាយការណ៍ថ្មីនេះវិញ បានអះអាងថា អាចពន្យាររហូតដល់ខែមេសាទើបចេញ។ ព័ត៌មានក្ដៅៗនេះ ត្រូវបានផ្សាយចេញពីគេហទំព័រ Naver ដែលបានអះអាងថា ក្រុមហ៊ុន Samsung នឹងធ្វើព្រឹត្តិការណ៍ធំក្នុងទីក្រុងញូវយ៉ក នៅខែមេសា ដែលជាកាលកំណត់នឹងសម្ពោធចេញ Galaxy S8 ជាផ្លូវការនៅពេលនោះ។ គួររំលឹកថា តាមទម្លាប់ធម្មតារបស់ Samsung គឺតែងប្រកាសស៊េរីស្មាតហ្វូនទំនើបត្រកូល Galaxy S នៅក្នុងព្រឹត្តិការណ៍ MWC ដែលប្រារព្ធធ្វើនៅរៀងរាល់ដើមឆ្នាំថ្មីប៉ុណ្ណោះ ដូច្នេះ ប្រសិន Samsung លើកទៅសម្ពោធ Galaxy S8 នៅក្នុងខែមេសាមែន នោះទម្លាប់អាចមានការផ្លាស់ប្ដូរ។ ជាការពិត ទោះជាយ៉ាងណា ពេលនេះមិនទាន់មានការអះអាងបញ្ជាក់ពីក្រុមហ៊ុន Samsung នៅឡើយ។ ដូច្នេះ សាធារណជនអាចនឹងត្រូវរង់ចាំអ៊ុតមើលនៅខែកុម្ភៈសិន ប្រសិនមិនទាន់ឃើញ នឹងរបាយការណ៍នេះ អាចនឹងជាការពិតហើយ៕
X
5s