មើលយន្តហោះផលិតដោយកូនខ្មែរនៅខេត្តព្រៃវែងគ្រោងចំណាយ ១ម៉ឺនដុល្លារបន្តិចមើល៍! ឡូយប៉ុណ្ណាដែរ?
ថ្ងៃនេះ BizKhmer សូមបង្ហាញស្នាដៃរបស់កូនខ្មែរក្នុងការកែច្នៃ និងបង្កើតយន្តហោះតូចដោយកើតចេញពីចិត្តចង់ធ្វើវាឱ្យបានសម្រេច។ បើតាមបណ្ដាញសារព័ត៌មាន BTV ដែលបានចុះទៅសម្ភាសន៍ផ្ទាល់បានឱ្យដឹងថា យុវជនដែលច្នៃបង្កើតយន្តហោះនេះ ចំណាយពេលប្រមាណ ៩ខែមកហើយ ហើយគិតមកដល់ពេលនេះ ទើបសម្រេចបានប្រមាណជា៤០%ប៉ុណ្ណោះ។
យុវជនដែលមានវ័យ ៣០ឆ្នាំរស់នៅភូមិស្វាយចេក ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មានឈ្មោះថា ប៉ែន ឡុង បានថ្លែងប្រាប់អ្នកយកព័ត៌មានទូរទស្សន៍ BTV ថា លោកធ្លាប់ស្រមៃចង់ធ្វើយន្តហោះតាំងពីតូចមកម្ល៉េះ ។ លោកបានស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធឺណិត និងច្នៃបង្កើតដោយខ្លួនឯងពិតៗតែម្ដង។ លោកបានកំណត់ថា នឹងអាចហោះសាកល្បងបាននៅខែ មេសា ឆ្នាំ២០១៧។
លោក ឡុង បានបន្ថែមទៀតថា លោកគ្រោងចំណាយសរុបប្រមាណ ១ម៉ឺនដុល្លារដើម្បីផលិតយន្តហោះនេះឡើង។ យន្តហោះនេះមានទម្ងន់សរុបប្រហែល ៤០០គីឡូក្រាម បណ្ដោយប្រវែងជាង ៤ម៉ែត្រ និងស្លាបសងខាងប្រវែង ៨ម៉ែត្រ និងផ្ទុកប្រេងសាំងបាន ៦០លីត។
លោក បន្តថា ការធ្វើសាកល្បង នេះគឺមានអ្នកជិះបានតែម្នាក់គត់ ពោលគឺអ្នកបើកបរតែម្ដង។ សូមទស្សនាវីដេអូដែលផលិតឡើងដោយទូរទស្សន៍ព័ត៌មាន BTV ផ្សាយកាលពីថ្ងៃទី១៣ ខែធ្នូ កន្លងទៅ៖