Huawei P10 នឹងមានអេក្រង់កោង Dual-curved និង Wireless Charging ដូច S7 Edge ដែរ
P9 / P9 Plus ដែលកំពុងល្បីល្បាញលើទីផ្សារស្មាតហ្វូនស៊េរីខ្ពស់ ហើយមានកាមេរ៉ាថតច្បាស់ស្រដៀងកាមេរ៉ាអាជីព ថ្មីៗនេះមានដំណឹងមកថា ជិតមានទាយាទជំនាន់ក្រោយដែលជាស្មាតហ្វូន P10 ហើយ។ P10 នឹងរឹតតែទំនើបជាង P9 ពិសេសគឺមានអេក្រង់កោងបញ្ឆិត (dual-curved screen) ដូចជាទូរស័ព្ទរបស់ Samsung Galaxy S7 Edge ហើយក៏ដូចទៅនឹងម៉ូដែល Mate 9 Porsche របស់ Huawei ផ្ទាល់ផងដែរ។
ព័ត៌មាននេះ មានការអះអាងចេញពីអ្នកលេងបណ្ដាញសង្គមចិន Weibo ឈ្មោះ reviewer_xiaokang កាលពីពេលថ្មីៗ ដោយលើកឡើងថា P10 នឹងបង្ហាញខ្លួនជាមួយអេក្រង់កោងបញ្ឆិត dual-curved screen។ ចំណែកមុខងារស្កេនក្រយៅដៃនឹងនៅតែមានដដែល ប៉ុន្តែនឹងត្រូវក្រុមហ៊ុន បន្ថែមលក្ខណៈពិសេស ធ្វើឱ្យដំណើរការកាន់តែរលូន។
ប្រភពដដែលនេះ ថែមទាំងឱ្យដឹងថា P10 នឹងមានបច្ចេកវិទ្យាសាកថ្មឥតខ្សែ wireless charging និងមានតួស្រោបដោយលោហធាតុ។ ទោះជាយ៉ាងណា មិនមានការបញ្ជាក់ផ្លូវការពីក្រុមហ៊ុន Huawei ឡើយ មានតែរង់ចាំអ៊ុតមើលប៉ុន្មានខែខាងមុខប៉ុណ្ណោះដើម្បីដឹងច្បាស់ នូវលក្ខណៈសម្បត្តិ និងរូបរាងច្បាស់ការណ៍របស់ P10៕