ស្រួលហើយប៉ុណ្ណេះ ទោះនៅឆ្ងាយពីគ្នា ក៏អាចថើបគ្នាតាមទូរស័ព្ទដៃ ផ្ដល់អារម្មណ៍ដូចពិតៗជាមួយ Kissenger
វាពិតជាមិនគួរឱ្យជឿ ដែលបច្ចុប្បន្នគេអាចថើបគ្នាពីចម្ងាយ ជាមួយអារម្មណ៍កក់ក្ដៅដូចពិតៗនៅលើទូរស័ព្ទដៃបាន! យ៉ាងវាជារឿងពិតប្រាកដ។ យោងតាមអត្ថបទចុះផ្សាយនៅលើគេហទំព័រ unilad គឺបានបញ្ជាក់យ៉ាងច្បាស់នូវឧបករណ៍ទំនើបម្យ៉ាង ដែលអាចប្រើ ដោយត្រូវបានផលិតមានប្រឡោះសម្រាប់ស៊កទូរស័ព្ទចូល ស្រដៀងនឹងជើងទម្រទូរស័ព្ទ ប៉ុន្តែប្លែកត្រង់វា ត្រូវបានឌីហ្សាញមានកន្លែងសម្រាប់អ្នកប្រើថើបមាត់។
ជាការពិតណាស់ ទីតាំងរង្វង់រាងពងក្រពើផ្នែកខាងក្រោមនៃឧបករណ៍ចម្លែកនេះ គឺសម្រាប់អ្នកប្រើប្រាស់ថើប ផ្ដល់ក្ដីស្រឡាញ់ និងភាពកក់ក្ដៅឱ្យគ្នាពីចម្ងាយ ដោយមានតែឧបករណ៍នេះ និងទូរស័ព្ទមួយគ្រឿងគឺគ្រប់គ្រាន់។ ឧបករណ៍សម្រាប់ថើបពីចម្ងាយតាមទូរស័ព្ទនេះ មានឈ្មោះថា Kissenger ដែលផលិតពីស្រោមប្លាស្ទិក និងមានបន្ទះចម្លែកមានលក្ខណៈទន់ ដូចទៅនឹងថ្ពាល់ ឬបបូរមាត់តែម្ដង។ ទីតាំងនេះ គឺប្រើសម្រាប់ឱ្យអ្នកប្រើថើបតែម្ដង។
អ្នកផលិតឧបករណ៍ទំនើប និងចម្លែកនេះ Emma Yann Zhang ដែលបានខិតខំធ្វើការ ស្រាវជ្រាវនិងផលិតគំរូឧបករណ៍នេះ កន្លងមក បានពន្យល់ថា បានជានាងនឹកឃើញផលិត Kissenger នេះឡើងមក ដោយសារ នាងយល់ថា ការថើបគឺជា ភាពស្និទ្ធស្នាល និងជាការផ្ដល់ក្ដីស្រឡាញ់ឱ្យមនុស្សសំខាន់ វាគួរតែធ្វើដាក់គ្នា បើទោះបីស្ថិតនៅចម្ងាយឆ្ងាយពីគ្នាក៏ដោយ។ ម្យ៉ាង ការប្រើឧបករណ៍ Kissenger នេះក៏នឹងជួយបំបាត់ភាពតានតឹង (ស្ត្រេស) ផងដែរ ដោយការប៉ះផ្ទាល់ទៅនឹងរបស់ទន់ អាចស្រមៃចេញទៅការថើបពិតៗ៕