Sino Great Wall ទទួលបានកិច្ចសន្យាសាងសង់ អគារភ្លោះខ្ពស់ជាងគេបំផុតនៅអាស៊ីអាគ្នេយ៍របស់កម្ពុជា
ក្រុមហ៊ុន Sino Great Wall International បានទទួលកិច្ចសន្យាសាងសង់អគារភ្លោះមជ្ឈមណ្ឌលពាណិជ្ជកម្មថៃប៊ុនរ៉ុង ១៣៣ជាន់ ក្នុងគម្រោងទឹកប្រាក់ ២,៧ពាន់លានដុល្លារសហរដ្ឋអាមេរិកដែលជាគម្រោងអគារភ្លោះខ្ពស់ជាងគេនៅអាស៊ីអាគ្នេយ៍។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ Reuters ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ។
តាមប្រភាពដដែលបានឱ្យដឹងបន្ថែមទៀតថា ក្រុមហ៊ុន Sino Great Wall មិនខុសពីក្រុមហ៊ុនចិនផ្សេងទៀតដែលកំពុងពង្រីកខ្លួនទៅកាន់បណ្ដាប្រទេសផ្សេងៗ។ កាលពីដើមឆ្នាំ២០១៦ នេះ ក្រុមហ៊ុន Sino Great Wall ទទួលបានកិច្ចសន្យាសាងសង់គម្រោងនៅ ម៉ាឡេស៊ី និងម៉ាកាវក្នុងទំហំទឹកប្រាក់ ៣៧៣លានយ័ន ស្របគ្នាជាមួយនឹងគម្រោងផ្សេងៗទៀតនៅ ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា និងកុងហ្គោ។
កិច្ចសន្យាសាងសង់អគារភ្លោះនេះ នឹងចូលជាធរមាននៅពេលដែលសហព័ន្ធក្រុមហ៊ុន Thai Boon Roong Group ដែលរួមបញ្ចូលក្រុមហ៊ុន Sino Great Wall International និង Wochang Shipbuilding Industry Co Ltd បានសម្រេចជាផ្លូវការលើការផ្ដល់ហិរញ្ញប្បទានលើគម្រោងសាងសង់នេះ។ តាមប្រភពដដែល បានឱ្យដឹងបន្ថែមទៀតថា គម្រោងសាងសង់នេះនឹងចំណាយពេលប្រហែល ៦០ខែ។
យោងតាម The Phnom Penh Post អគារភ្លោះនេះ មានកម្ពស់ប្រមាណ ៥០០ម៉ែត្រ៕