អស្ចារ្យណាស់! ហ្គេមបរទេស Age of Empires II បញ្ចូលប្លង់សំណង់អគារបុរាណខ្មែរ!
Age of Empires II ប្រហែលមានប្រិយមិត្តមិនតិចទេ ដែលបានស្គាល់ហ្គេមប្រើយុទ្ធសាស្ត្រច្បាំងទ័ពវាតទីទឹកដីដ៏ខ្លាំងក្លានេះ។ ហ្គេមនេះ ត្រូវបានបង្កើតឡើង សម្រាប់លេងដោយការប្រើប្រាស់បញ្ញាក្នុងការគ្រប់គ្រងទ័ព ការសាងសង់អាណាចក្រឱ្យរឹងមាំ ដើម្បីការពារពីការយាយីរបស់សត្រូវ។ ហើយអ្វីដែលពិសេសលើកមុខដល់កម្ពុជានោះ គឺថា ហ្គេមដែលផលិតដោយក្រុមហ៊ុនអាមេរិក Ensemble Studios និងដាក់ឱ្យលេងបាន Microsoft នេះ គឺទើបត្រូវបានបន្ថែមជម្រើសសង្គ្រាមថ្មីចំនួន ៤ថែមទៀត ដែលក្នុងនោះក៏មានអាណាចក្រខ្មែឬផងដែរ ក្រៅពីភូមា ម៉ាឡេ និងវៀតណាម។
ជំនាន់ហ្គេម Age of Empires II ដែលបានដាក់បញ្ចូលប្រទេសទាំង៤ ក្រោយនេះ គឺជំនាន់ Age of Empires II HD: Rise of the Rajas។ Age of Empires ជាហ្គេមត្រូវបានបង្កើត ទៅតាមជំនាន់ ដែលវាត្រូវបានដាក់ឱ្យលេងតាំងពីឆ្នាំ១៩៩៩ ម្ល៉េះ ដូច្នេះវាមានអាយុប្រហែល ១៧ឆ្នាំមកហើយ។ ក្រោយមកក្រុមហ៊ុនបង្កើត Ensemble Studios ក៏បានដាក់ចេញជំនាន់ទី២ ហើយក៏មាន Age of Empires II HD ត្រូវបានប្រកាសចេញក្នុងឆ្នាំ២០១៣ ជាបន្ត។ លោកអ្នកអាចលេងហ្គេមល្បីឈ្មោះនេះបាននៅលើកុំព្យូទ័រដំណើរការបានទាំង Windows និង Mac ហើយក៏អាចលេងនៅលើឧបករណ៍ចាប់ពីជំនាន់ PS2 ឡើងទៅផងដែរ។
Age of Empires ស័ក្ដិសមលេងបំផុតចំពោះមនុស្សវ័យកណ្ដាល ដែលគេអាចបង្អួតពីភាពខ្លាំងដាក់គ្នា ក្នុងការប្រើប្រាស់យុទ្ធសាស្ត្រច្បាំងទ័ពដ៏ឈ្លាសវៃតាមរយៈហ្គេមនេះ ដើម្បីដឹងពីប្រាជ្ញាក្នុងនាមជាអ្នកដឹកនាំមួយរូប។ សូមបញ្ជាក់ថា ហ្គេម Age of Empires នេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Ensemble Studios មានស្នាក់ការនៅរដ្ឋតិចសាស នៃសហរដ្ឋអាមេរិក។ ក្រុមហ៊ុនត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៥៕