Foxconn លេងមែនទែន ចង់ប្រើ robot ជំនួសមនុស្សឱ្យបានឆាប់ៗ ១០០% នៅក្នុងរោងចក្រ!
ផ្អែកតាមសំដីរបស់អ្នកគ្រប់គ្រងទូទៅក្នុងរោងចក្រ Foxconn លោក Dai Jia-peng ហាក់បញ្ជាក់គោលជំហររបស់ខ្លួនថា មិនយូរទេ រោងចក្រនឹងចំណុះទៅដោយរ៉ូបូត បំពេញកិច្ចការជំនួសមនុស្សបាន ១០០%។ លោក Dai បានលើកឡើងថា ក្រុមហ៊ុនកំពុងស្វែងរកវិធីសាស្ត្រដំឡើងទូរស័ព្ទ iPhone ដោយប្រើមនុស្សយន្តពេញលេញតែម្ដង ដែលនឹងបែងចែកជា ៣ដំណាក់កាល។
ដំណាក់កាលដំបូង នឹងត្រូវប្រើរ៉ូបូត ជំនួសកម្មករ (មនុស្ស) នៅលើកិច្ចការដែលអាចប្រឈមគ្រោះថ្នាក់ ឬសម្រាប់ការងារដែលមនុស្ស មិនមានឆន្ទៈធ្វើ ឬមិនអាចធ្វើ។ ចំណែកដំណាក់កាលទី២ នឹងត្រូវប្រើជាខ្សែចង្វាក់សម្រាប់ការដំឡើងស្វ័យប្រវត្តិមួយ ដើម្បីកាត់បន្ថយការប្រើប្រាស់រ៉ូបូត។ រីឯដំណាក់កាលទី៣ ចុងក្រោយគឺ កំពុងស្ថិតក្នុងគម្រោង និងកំពុងសំយោគ ដើម្បីធ្វើយ៉ាងណា កាត់បន្ថយការប្រើកម្លាំងមនុស្សឱ្យនៅតិចតួចបំផុត។
មនុស្សនឹងធ្វើតែកិច្ចការដូចជា៖ ផ្នែកដឹកជញ្ជូន ផ្នែកធ្វើតេស្ត និងត្រួតពិនិត្យ និងផ្នែកផលិតកម្ម។ រោងចក្រមួយចំនួនរបស់ Foxconn កំពុងដំណើរការបានដំណាក់កាលទី១ និងទី២ រួចមកហើយ។ សូមបញ្ជាក់ថា បច្ចុប្បន្ន Foxconn មានបុគ្គលិកសរុបប្រមាណ ៤០០០០នាក់ (៤ម៉ឺននាក់) នៅតៃវ៉ាន់ សម្រាប់កិច្ចការផលិត Foxbots ទាំងនេះ។ បច្ចុប្បន្ន Foxconn មានខ្សែចង្វាក់ផលិតកម្មស្វ័យប្រវត្តិចំនួន១០ ហើយ ដែលវាអាចផលិតម៉ូនីទ័រ LCD, PCs និងប្រភេទឧបករណ៍ all-in-one device។ យ៉ាងណា មិនទាន់មានការបញ្ជាក់អំពីគម្រោង តើ Foxconn នឹងប្រើរ៉ូបូតក្នុងការផលិត ឬផលិតផ្នែកទូរស័ព្ទ iPhone របស់ Apple នោះទេ៕