ទូរស័ព្ទ Samsung កើត​មាន​បញ្ហា​​មិន​ធ្លាប់​ជួប ទុក​ចោល​មួយ​យប់​​ ភ្លឺ​ឡើង​ឃើញ​ស្រាំ​​កញ្ចក់​​ lens កាមេរ៉ា​ មិន​ដឹង​មូលហេតុ!​



​Samsung ជា​ក្រុមហ៊ុន​ទូរស័ព្ទ​ក្ដាប់​ចំណែកទីផ្សារ​ធំ​ជាង​គេ​លើ​ពិភពលោក ហើយ​ក៏​សប្បាយ​ចិត្ត​ជាមួយ​នឹង​សមិទ្ធផល​ Galaxy S7 និង S7 Edge ​ដែល​ជា​កំពូល​ស្មាតហ្វូន Android ​ប្រចាំ​ឆ្នាំ២០១៦។ ប៉ុន្តែ បញ្ហា​ថ្មី​ចុងក្រោយ​មួយ​ទើប​លេច​ឡើង នៅ​លើ​ម៉ូដែល Galaxy S7 ​ស្ថិត​នៅ​ត្រង់​កាមេរ៉ា​ក្រោយ​របស់​វា។ តាម​សេចក្ដី​របាយការណ៍​ពី​គេហទំព័រ phonearena ថ្មីៗ​នេះ ឱ្យ​ដឹង​ថា Len កាមេរ៉ា​ក្រោយ​របស់ GS7 ​មាន​បញ្ហា គឺ​ស្រាំ​ដោយ​មិន​ដឹង​មូលហេតុ។ នេះ​ជា​បញ្ហា​ចុងក្រោយ​ដែល​ធ្វើ​ឱ្យ Samsung មិន​សប្បាយ​ចិត្ត​ទៀត​ហើយ បន្ទាប់​ពី​បញ្ហា​ថ្ម​នៅ​លើ Galaxy S7 កន្លង​ទោ។ តាម​ការ​បង្ហោះ​ផ្សាយ​ដោយ Consumerist ​សប្ដាហ៍​មុន ឱ្យ​ដឹង​ថា មាន​ម្ចាស់ Galaxy S7 ​ម្នាក់​ឈ្មោះ Sean ​បាន​ភ្ញាក់​ពី​គេង ហើយ​ស្រាប់តែ​ឃើញ​កញ្ចក់ lens កាមេរ៉ា​ខាង​ក្រោយ​របស់​វា​បាន​ប្រេះ​ស្រាំ ទោះបី​ទូរស័ព្ទ​ត្រូវ​បាន​ទុកដាក់​យ៉ាង​ស្រួល គ្មាន​នរណា​ប៉ះពាល់ ហើយ​ម្យ៉ាង​វា​ស្ថិត​នៅ​ក្នុង​ស្រោម​ថែមទៀត។ ប៉ុន្តែ​ទុក​ចោល​មួយ​យប់​ក៏​បើក​ភ្នែក​ពី​គេង​ព្រឹកឡើង លទ្ធផល​ទៅ​ជា​ដូច្នេះ​តែ​ម្ដង។ ស សូម​បញ្ជាក់​ថា ករណី​នេះ​ពុំ​មែន​ជា​លើក​ទី១ នោះ​ទេ កន្លងទៅ​ម្ចាស់ Galaxy S7 ​ដទៃ​ទៀត ក៏​ធ្លាប់​ជួប​បទពិសោធន៍​ដូច​គ្នា​នេះ ហើយ​ក៏​បាន​បង្ហោះ​សារ​នៅ​លើ​វែបសាយ​ផ្លូវការ​របស់ Samsung Community រួច​មក​ហើយ។ ចំណែក​ភាគី Samsung បាន​ត្រឹម​ឆ្លើយ​ត្រឡប់​មក​វិញ​ថា នេះ​ហៅ​ថា ការ​ប៉ះ​ទង្គិច​បណ្ដាល​ឱ្យ​ខូចខាត (damage) គឺ​ជា​ឧប្បត្តិហេតុ​ដាក់​ដោយ​ឡែក​ប៉ុណ្ណោះ។ គេ​សង្កេត​ឃើញ​សម្ដី​ត្អូញត្អែរ​របស់​អតិថិជន​មាន​រហូត​ដល់ ២២ទំព័រ​ឯណោះ។ ទោះជា​យ៉ាងណា​ពេល​នេះ ក្រុមហ៊ុន Samsung មិន​ទាន់​ចេះ​មុខ​បកស្រាយ​ជុំវិញ​ករណី​នេះ​ឱ្យ​បាន​លំអិត​នៅ​ឡើយ៕
X
5s