មិនគួរឱ្យជឿ ប៉ុន្តែវាជាការពិត Honda ទើបផលិតម៉ូតូមិនចេះដួល កំពុងបង្អួតនៅ CES 2017 (Video)
វាពិតជាមិនគួរឱ្យជឿដែលម៉ូតូកង់ពីរ មិនវ៉ៃជន្ទល់ ហើយគ្មានមនុស្សទប់ តែមិនដួលនោះ។ ប៉ុន្តែពេលនេះ ក្រុមហ៊ុន Honda បានធ្វើឱ្យវាពិតជាទៅរួចបាន។ ក្រុមហ៊ុនឯកទេសផលិតយានយន្តជប៉ុននេះ ទើបដាក់បង្ហាញសមិទ្ធផលថ្មីសន្លាង និងអស្ចារ្យដែលជាម៉ូតូទំនើប មិនចេះដួល បើទោះបីវាមានកង់តែ២ ដូចម៉ូតូទូទៅក៏ដោយ។
https://youtu.be/Patgb8ddNgc
ក្រុមហ៊ុនបានអភិវឌ្ឍ និងបំពាក់បច្ចេកវិទ្យា self-balancing នៅលើម៉ូតូស៊េរីថ្មីរបស់ខ្លួន។ Honda បានគូសបញ្ជាក់ថា ខ្លួនផលិតម៉ូតូស៊េរីថ្មីនេះ ដើម្បីកាត់បន្ថយការជិះម៉ូតូដួល ម្យ៉ាងក៏អាចបង្កើនសុវត្ថិភាពល្អជាងមុនផងដែរ។ បន្ទាប់ពីបានធ្វើតេស្ត សង្កេតឃើញថា ម៉ូតូនេះពិតជាមានសមត្ថភាពមិនគួរឱ្យជឿ ពោលទោះបីបើកក្នុងល្បឿនយឺតយ៉ាងណាក៏ដោយ ក៏វាមិនដួលឡើយ។
ទោះជាយ៉ាងណា ពេលនេះក្រុមហ៊ុន Honda មិនបានបញ្ជាក់ថា នៅពេលណាទើបរុញគំរូម៉ូតូច្នៃប្រឌិតខ្ពស់របស់ខ្លួននៅចូលចង្វាក់ផលិតកម្ម ដើម្បីដាក់លក់លើទីផ្សារនៅឡើយ ខណៈដែលពេលនេះ ក្រុមហ៊ុនកំពុងតាំងបង្ហាញនៅក្នុងពិព័រណ៍អេឡិចត្រូនិក CES 2017 នៅទីក្រុង Las Vegas នៃសហរដ្ឋអាមេរិក៕