Samsung ចេញលក់ Gaming Laptop ដំបូងរបស់ខ្លួននៅកូរ៉េខាងត្បូងមាន RAM ដល់ 64GB ក្រាហ្វិក Nvidia GTX 1050
បន្ទាប់ពីបានប្រកាសចេញកុំព្យូទ័រប្រភេទ Notebook ម៉ាក Odyssey នៅក្នុងពិព័រណ៍ CES 2017 កាលពីសប្ដាហ៍មុនរួចមក ពេលនេះ កុំព្យូទ័រ Gaming ដំបូងរបស់ Samsung នេះ ត្រូវបានសម្ពោធនៅលើទឹកដីកំណើតរបស់ខ្លួនហើយ គឺនៅទីផ្សារប្រទេសកូរ៉េខាងត្បូង។ Notebookថ្មីនេះ នឹងមានតម្លៃ ១,៨លានវ៉ុន សម្រាប់ម៉ូដែលបំពាក់ Core i6 និងតម្លៃ ២លានវ៉ុនសម្រាប់ម៉ូដែល core i7។
កុំព្យូទ័រ Gaming ដំបូងរបស់ Samsung នេះបែងចែកជាពីរទំហំ គឺអេក្រង់ ១៥អ៊ីញនិង ១៧អ៊ីញ ដែលវាបំពាក់ដោយសមត្ថភាព Hardware ខ្ពស់ៗ អាចប្រកួតប្រជែងទីផ្សារ Gaming Laptop បច្ចុប្បន្នបាន ព្រោះបំពាក់ RAM រហូតដល់ 64GB និងមាន VGA ដាច់ Nvidia GTX 1050។ Odyssey មានរូបរាងឌីហ្សាញស្អាតមួយបែប ប្រៀបធៀបនឹង Gaming Laptop លើទីផ្សារបច្ចុប្បន្ន ហើយក៏មានភ្លើង Keyboard ប្រភេទ backlight ផងដែរ។ សម្រាប់ទម្ងន់របស់វា គឺ ៣,៧៩គីឡូក្រាម។
ម៉ូដែល Odyssey អេក្រង់ ១៧អ៊ីញ ភ្ជាប់កម្លាំងថ្ម 93Wh ខណៈម៉ូដែល Odyssey អេក្រង់ ១៥អ៊ីញមានថ្ម 43Wh។ សម្រាប់ម៉ូដែល អេក្រង់ ១៥អ៊ីញកម្រិត 1080p អមជាមួយក្រាហ្វិក Nvidia 1050 នឹងមានលក់ក្នុងតម្លៃ ៩០០ដុល្លារប៉ុណ្ណោះ ប៉ុន្តែតម្លៃនឹងខ្ពស់ជាងនេះ អាស្រ័យលើលក្ខណៈសម្បត្តិខ្ពស់ៗតាមតម្រូវការរបស់អ្នកផ្ទាល់៕