អគារទំនើបនិងខ្ពស់ជាងគេនៅថៃ «មហានគរ (MahanaKorn)» រចនាបទ សង់មិនទាន់ហើយពិតជាទាក់ទាញ
អគារទំនើបពហុមុខងារដែលស្ថិតនៅកណ្ដាលទីក្រុងបាងកកឈ្មោះថា មហានគរ (MahanaKorn) ត្រូវបានសាងសង់រួចរាល់ជាស្ថាពរហើយត្រូវបានប្រារព្ធវិធីអបអរកាលពីថ្ងៃចន្ទកន្លងទៅ។ អគារដែលមានកម្ពស់ខ្ពស់ជាងគេបំផុតនៅប្រទេសថៃនេះត្រូវបានរចនាម៉ូដឡើងដោយស្ថាបត្យករអាល្លឺម៉ង់លោក Ole Scheeren។
រចនាបទរបស់អគារនៅប្រទេសថៃមួយនេះ គឺពិតជាទាក់ទាញ និងខុសប្លែកពីអគារខ្ពស់ៗផ្សេងៗទៀតនៅបណ្ដាប្រទេសអភិវឌ្ឍន៍ដោយសារតែ លោក Scheeren ពន្លិចម៉ូដខុសពីគេ ដែលមើលទៅដូចជាអគារស្ថាបនាមិនទានរួច។ លោកត្រូវបានសារព័ត៌មាន CNN ដកស្រង់ថា ៖«ខ្ញុំមិនជឿទៅលើស្ថាបត្យកម្មបែបរូបមន្តដែលមើលទៅអគារមានរូបរាងប្រហាក់ប្រហែលគ្នាស្ទើរតែគ្រប់ទីកន្លែង នៅក្នុងពិភពលោកយើងនេះ»។
សូមបញ្ជាក់ថា អគារដែលមានកម្ពស់ ៣១៤ម៉ែត្រនេះ ត្រូវបានបើកសម្ពោធតាំងពីខែសីហា ឆ្នាំ២០១៦មកម្ល៉េះ។ តម្លៃនៃគម្រោងសាងសង់អគារនេះទាំងមូល គឺប្រហែល ៦២០លានដុល្លារសហរដ្ឋអាមេរិក ដែលបម្រើមុខងារបីធំៗគឺ សម្រាប់ស្នាក់នៅ សណ្ឋាគារ និងសម្រាប់ក្រុមហ៊ុនឬហាងលក់ទំនិញ៕