Huawei P10 នឹងផ្ដល់​បទពិសោធន៍​ថ្មី​ដល់​អ្នក​ប្រើ ​នឹង​​​ប្ដូរ​ទីតាំង​ទ្រនាប់​ស្កេន​ក្រយៅ Fingerprint មក​ខាង​មុខ​ ហើយ​​មាន​អេក្រង់កោង​ dual-edge ទំនើប​



ប្រិយមិត្ត​ដែល​ចូលចិត្ត​តាមដាន​បច្ចេកវិទ្យា​ស្មាតហ្វូន​ថ្មីៗ ប្រហែល​ជា​បាន​ស្គាល់​ពី​កំពូល​ទូរស័ព្ទ​កាមេរ៉ា​ថត​ច្បាស់​របស់ Huawei ​មិន​ខាន គឺ​ម៉ូដែល P9 និង P9 Plus បច្ចុប្បន្ន។ បន្ទាប់ពី​បាន​បញ្ចេញ​នៅ​លើ​ទីផ្សារ ឃើញ​ថា ស្មាតហ្វូន​បំពាក់​កាមេរ៉ា​ភ្លោះ​ខាង​ក្រោយ​នេះ ពិត​ជា​ទទួល​បាន​ចំណាប់អារម្មណ៍ និង​ការ​ពេញចិត្ត​ពេញ​ថ្លើម​ទៅ​លើ​សមត្ថភាព​ថត​រូប​របស់​វា​ពិត​មែន។ នេះ​ដោយសារ ក្រុមហ៊ុន​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​កាមេរ៉ា​របស់​ក្រុមហ៊ុន Leica តែម្ដង។ ចំណែក​របាយការណ៍​ថ្មី​នេះ ឱ្យ​ដឹង​ពី​ទាយាទ​ថ្មី​របស់​វា​ទៀត​ហើយ គឺ​ម៉ូដេល Huawei P10។ https://youtu.be/IqZF9cFt7Wo P10 នឹង​ជា​ស្មាតហ្វូន​កំពូល​ជំនាន់​ក្រោយ​របស់ Huawei ដែល​រំពឹង​ថា នឹង​ត្រូវ​ក្រុមហ៊ុន​ទូរស័ព្ទ​ចិន​នេះ សម្ពោធ​ផ្លូវការ​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​ទី២៦ កុម្ភៈ​ខែ​ក្រោយ​នេះ។ ចំណែក​ថ្មីៗ​នេះ​មាន​ការ​បង្ហោះ​ចេញ​នូវ​រូប Render ទូរស័ព្ទ Huawei P10 នេះ ដែល​និយាយ​ពី​លក្ខណៈ​រូប​ខាងក្រៅ​របស់​វា។ រូប​ខាង​លើ គេ​សង្កេត​ឃើញ P10 ត្រូវ​បាន​បំពាក់​ប៊ូតុង​ថ្មី​មួយ​នៅ​ខាង​មុខ សណ្ឋាន​រាង​ទ្រវែង ដូច​ទៅ​នឹង​ប៊ូតុង Home ​ស្មាតហ្វូន Android ភាគច្រើន​សព្វថ្ងៃ។

ទោះជា​យ៉ាងណា គេ​មិន​ទាន់​ច្បាស់​ថា តើ​វា​ជា​គ្រាប់​ប៊ូតុង​សម្រាប់​ចុច​សង្កត់​បាន ឬ​គ្រាន់តែ​ជា​ទ្រនាប់​សម្រាប់​ស្កេន​ម្រាមដៃ​នោះ​ទេ ព្រោះ​ថា ក្រុមហ៊ុន Huawei ​មិន​ធ្លាប់​បំពាក់​ប៊ូតុង Home នៅ​លើ​ស្មាតហ្វូន​ត្រកូល P នេះ​ពី​មុន​ឡើយ។ បើ​ដូច្នេះ​មែន វា​នឹង​ជា​បទពិសោធន៍​ថ្មី​សម្រាប់​អតិថិជន​របស់ Huawei ហើយ​ដំណើរការ​ស្កេន​ក្រយៅដៃ​គឺ​ធ្វើ​នៅ​ផ្នែក​ខាង​មុខ​ទូរស័ព្ទ​វិញ​ម្ដង ដូច​ជា Galaxy និង iPhone ស៊េរី​ចុង​ក្រោយ​បច្ចុប្បន្ន។

គេ​រំពឹង​ថា P10 នឹង​នៅ​តែ​បំពាក់​បច្ចេកវិទ្យា​កាមេរ៉ា Leica ដែល​មាន sensor ចំនួន២ សមត្ថភាព​ខ្ពស់​ជាង​នៅ​លើ P9 និង​មាន​អម​មក​ជាមួយ​ភ្លើង​ជំនួយ dual-LED flash។ អ្វី​ពិសេស​ថ្មី​ទៀត​នោះ P10 ម៉ូដែល Plus (P10 Plus) ​អាច​មាន​អេក្រង់​កោង​ឃុប​ចុះ​ក្រោម នៅ​សងខាង (dual-edge curved display) ដូច Huawei Mate 9 Porsche របស់​ខ្លួន​ដែរ។ វា​នឹង​បំពាក់​ឈីប Kirin 96, RAM 6GB។ ក្រុមហ៊ុន​អាច​នឹង​ប្រកាស P10 ​ទាំង​ពីរ​ផ្លូវការ​នៅ​ក្នុង​សមាជ​ទូរស័ព្ទ​ពិភពលោក​ដែល​ប្រារព្ធ​ធ្វើ​អំឡុង​ខែ​កុម្ភៈ ហើយ​អាច​មាន​លក់​លើ​ទីផ្សារ​អំឡុង​ខែ​មីនា ឬ​មេសា៕

X
5s