នុះ Nokia លេងមែនទែន ចេញ Nokia 6 លក់ដាច់ខ្លាំង ឥឡូវត្រៀមចេញស្មាតហ្វូនកំពូលមួយទៀតប្រើឈីប Snapdragon 835!
ការត្រឡប់មកវិញរបស់ Nokia នៅលើទីផ្សារស្មាតហ្វូន ហាក់មានស្ទុះបោះពួយយ៉ាងលឿន ជាមួយការតេស្តប្រជាប្រិយភាពរបស់ខ្លួន ដោយបានបញ្ចេញទូរស័ព្ទធុនមធ្យម Nokia 6។ ១លានគ្រឿងជាតួលេខកុម្ម៉ង់ទុក Nokia 6 ដែលជាបរិមាណខ្ពស់មួយសម្រាប់ការទើបបង្ហាញផ្លូវការទូរស័ព្ទ Android ដំបូងនេះ។ ចំណែកពេលនេះ សាខា Nokia ប្រចាំប្រទេសចិនបាន អះអាងមកថា ក្រុមហ៊ុនត្រៀមនឹងបញ្ចេញស្មាតហ្វូនកំពូលដំបូងដើរដោយ Android អមជាមួយឈីបសមត្ថភាពខ្ពស់ជំនាន់ចុងក្រោយគឺ Snapdragon 835។
ជាការពិត គ្រាន់តែឃើញបន្ទះឈីបដែលក្រុមហ៊ុនទូរស័ព្ទហ្វាំងឡង់នេះ អះអាងក៏ដឹងថា វានឹងជាស្មាតហ្វូនស៊េរីខ្ពស់ដែរ។ ការអះអាងនេះ ធ្វើឡើងដោយក្រុមហ៊ុន Nokia China សរសេរនៅលើបណ្ដាញសង្គម Weibo។ ក្រុមហ៊ុនបានលើកឡើងថា បច្ចុប្បន្នកំពុងធ្វើការលើគម្រោងផលិតស្មាតហ្វូនថ្មី ដែលបំពាក់ឈីប Snapdragon 835 ពីក្រុមហ៊ុន Qualcomm។
យោងតាមរបាយការណ៍ថ្មីមួយឱ្យដឹងថា វាអាចត្រូវការចន្លោះពេលមួយសម្រាប់ការរួចរាល់បង្ហាញចេញកំពូលស្មាតហ្វូន Nokia ដូច្នេះប្រហែលសាធារណជននឹងមិនទាន់ឃើញវត្តមានទូរស័ព្ទនេះ នៅក្នុងសមាជ MWC 2017 ខែក្រោយនោះឡើយ។
ក្រុមហ៊ុន Nokia កំពុងត្រូវសាធារណជនរំពឹងថា នឹងសម្ពោធស្មាតហ្វូន Android ថ្មីៗ នៅក្នុងព្រឹត្តិការណ៍ MWC 2017 ខែក្រោយនេះ ហើយ Nokia 6 ម៉ូដែលអន្តរជាតិ (International Version) ក៏នឹងចាប់បង្ហាញខ្លួនសម្រាប់ទីផ្សារពិភពលោក ក្រៅពីចិនផងដែរ៕