តើលុយពិតជាអាចទិញសុភមង្គលឲ្យអ្នកបានឬ?​



ហេតុអ្វី​អ្នក​មាន​ប្រាក់​ចាយ​មិន​ខ្វះ​មួយ​ចំនួន​នៅ​តែ​មិន​ទទួល​បាន​នូវ​សេចក្ដី​សុខ​ក្នុង​ជីវិត ទន្ទឹម​នឹង​មនុស្ស​ជា​ច្រើន​មាន​ទស្សន​យល់​ឃើញ​ដូច​ៗ​គ្នា​ថា ប្រាក់​អាច​ទិញ​សុភមង្គល​របស់​មនុស្ស​បាន ? និង​អ្វី​ដែល​កាន់តែ​ជា​ភាព​ភ្ញាក់ផ្អើល​ទៅ​ទៀត​នោះ គឺ​អ្នក​រស់​នៅ​ក្នុង​សភាព​ក្រ​ខ្សត់​យ៉ាង​លំបាកលំបិន​មួយ​ចំនួន បែរ​ជា​មាន​សុភមង្គល​ជាមួយ​នឹង​របស់​បន្តិចបន្តួច​នៅ​ក្នុង​ជីវិត​របស់​ពួកគេ​វិញ​នោះ ?

ទាំងនេះ​គឺ​ជា​សំណួរ​ដែល​គួរ​ឲ្យ​គិត​វិភាគ​ពិចារណា និង​សង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​បន្ថែម។ តើ​អ្នក​យល់​ឃើញ​បែប​ណា​វិញ បើ​សិន​ជា​មាន​អ្នក​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ទៅលើ​ប្រធានបទ​នេះ​យ៉ាង​ដិតដល់ បាន​អះអាង​ថា​ចំនួន​ទឹកប្រាក់​ដែល​អ្នក​មាន មិនមែន​ជា​កត្តា​កំណត់​ទៅលើ​សេចក្ដី​សុខ​របស់​អ្នក​នោះ​ឡើយ តែ​ផ្ទុយទៅវិញ វា​គឺ​ជា​របៀប​ដែល​អ្នក​ប្រើប្រាស់​ប្រាក់​របស់​អ្នក​ទៅវិញ​ទេ​ទើប​ជា​កត្តា​កំណត់​លើ​សេចក្ដី​សុខ​របស់​អ្នក​ពិត​ប្រាកដ។

មនុស្ស​ជា​ច្រើន តែង​មាន​ទស្សន​យល់​ឃើញ​ចំពោះ​ការ​ចាយវាយ​ជា​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​ថា ការ​ចំណាយ​ប្រាក់​លើ​សម្ភារៈ​ប្រើប្រាស់ ផ្ដល់​នូវ​សេចក្ដី​សុខ​ដល់​ពួកគេ​ជាង​ការ​ចំណាយ​ប្រាក់​លើ​បទពិសោធន៍​ជីវិត។ ហេតុអ្វី​ពួកគេ​យល់​ឃើញ​បែប​នេះ ? ហេតុផល​ស្ថិត​នៅ​ត្រង់​ថា សម្ភារៈ​ប្រើប្រាស់ ធ្វើ​ឲ្យ​ពួកគេ​មាន​សេចក្ដី​សុខ​ជាមួយ​នឹង​វា​បាន​យូរ​ជាង​បទពិសោធន៍​ជីវិត​ដូចជា​ការ​ដើរ​លេង​កម្សាន្ត​ជា​ដើម។ ម្យ៉ាងទៀត សម្ភារៈ​ប្រើប្រាស់​គឺ​ជា​ប្រភេទ​នៃ​ការ​ចំណាយ​មួយ​បែប​ដែល​ក្រោយ​ពី​នោះ​អ្នក​អាច​ចាប់​កាន់​វា និង​ប្រើប្រាស់​វា​បាន​មិន​ដូចជា​ដំណើរ​កម្សាន្ត​នោះ​ឡើយ។

ពិត​ប្រាកដ​ណាស់​ថា ការ​យល់​ឃើញ​បែប​នេះ បើ​បកស្រាយ​តាម​សភាព​ជាក់ស្ដែង វា​ជា​គំនិត​ដែល​មាន​ភាព​សម​ហេតុ​សម​ផល​មួយ តែ​បើ​និយាយ​ចំពោះ​ចិត្តសាស្ត្រ​វិញ វា​មិន​មែន​បែប​នេះ​នោះ​ទេ សម្ភារៈ​ប្រើប្រាស់​មិន​បាន​ធ្វើ​ឲ្យ​មនុស្ស​មាន​សេចក្ដី​សុខ​បាន​យូរ​អង្វែង​ឡើយ។ ហេតុអ្វី​អ្នក​ស្រាវជ្រាវ​ទាំងឡាយ ហ៊ាន​អះអាង​ផ្ទុយ​ពី​ការ​យល់​ឃើញ​របស់​មនុស្ស​ភាគ​ច្រើន​បែប​នេះ ?

ហេតុផល​ទី​១ បទពិសោធន៍​ជីវិត​បាន​ផ្ដល់​ឲ្យ​យើង​នូវ​អារម្មណ៍​នៃ​ការ​ភ្ជាប់​ទំនាក់ទំនង​គ្នា ព្រោះ​បើ​និយាយ​ចំពោះ​ការ​ដើរ​កម្សាន្ត វា​គឺ​ជា​បទពិសោធន៍​ជីវិត​មួយ​បែប ដែល​យើង​បាន​ចែក​រំលែក​ជាមួយ​អ្នក​ដទៃ បើ​ទោះ​ជា​ពួកគេ​មិន​បាន​រួម​ដំណើរ​ជាមួយ​យើង​ក្ដី។ មិនតែប៉ុណ្ណោះ ការ​ចំណាយ​ប្រាក់​ទៅលើ​បទពិសោធន៍​ជីវិត ក៏​បាន​នាំ​ឲ្យ​យើង​នូវ​អារម្មណ៍​ដែល​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​ខ្លួន​ដែរ ត្រង់​ចំណុច​នេះ អ្នក​អាច​សាក​នឹក​គិត​ទៅដល់​បទពិសោធន៍​ពី​ការ​ឡើង​ភ្នំ​មក​ជម្រះ​នូវ​ចម្ងល់​ក៏​បាន។

ហេតុផល​ទី​២​ទាក់ទង​ទៅ​នឹង​ចិត្តសាស្ត្រ​ធម្មជាតិ​របស់​មនុស្ស។ ទោះ​ជា​ដឹង​ខ្លួន​ឬ​មិន​ដឹង​ខ្លួន​ក៏​ដោយ មនុស្ស​យើង​តែង​ធ្វើការ​ប្រៀបធៀប​អ្វី​ដែល​ខ្លួន​មាន​ទៅ​នឹង​អ្វី​ដែល​អ្នក​ដទៃ​មាន។ មិន​ចាំបាច់​ឆ្ងល់​នោះ​ទេ នៅ​ពេល​អ្នក​កំពុង​មាន​សម្ភារៈ​ទំនើប និង​តម្លៃ​ថ្លៃ​មួយ​នៅ​ក្នុង​ដៃ ដែល​ជា​របស់​ជាទី​ពេញចិត្ត​របស់​អ្នក ស្រាប់តែ​មួយ​រំពេច​នោះ មាន​នរណា​ម្នាក់ បង្ហាញ​អ្នក​នូវ​សម្ភារៈ​របស់​ខ្លួន ដែល​មាន​សភាព​ល្អ​ប្រសើរ​ជាង​អ្នក វា​ប្រាកដ​ជា​ប៉ះពាល់​ដល់​អារម្មណ៍​របស់​អ្នក បើ​មិន​ច្រើន​ក៏​តិច​ដែរ។

ផ្ទុយទៅវិញ ចំពោះ​បទពិសោធន៍​ជីវិត បើ​ទោះ​ជា​អ្នក​ដទៃ​ទទួល​បាន​នូវ​ដំណើរ​កម្សាន្ត​ដែល​មាន​ភាព​សប្បាយ​រីករាយ ឡូយឆាយ​ជាង​អ្នក​ក្ដី ក៏​បទពិសោធន៍​ដែល​មាន​លក្ខណៈ​ជា​ភាព​ពិសេស​របស់​អ្នក ដែល​អ្នក​ទទួល​ដឹង​បាន​តាម​អារម្មណ៍​ពិតៗ​របស់​អ្នក នឹង​ធ្វើ​ឲ្យ​អ្នក​នៅ​តែ​មាន​សេចក្ដី​សុខ​ជាមួយ​នឹង​អ្វី​ដែល​ខ្លួន​មាន​ដដែល។ ហេតុផល​ទី៣ ថ្វី​ដ្បិតតែ​ភាព​អត់ធ្មត់​ចំពោះ​ការ​រង់ចាំ​របស់​មនុស្ស​មាន​ដែន​កំណត់​ក៏​ពិត​មែន ប៉ុន្តែ​មនុស្ស​យើង​ភាគ​ច្រើន​តែង​ខ្វះ​ការ​អត់ធ្មត់​រង់ចាំ​ទទួល​បាន​នូវ​សម្ភារៈ​ប្រើប្រាស់​មក​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន ស្រប​ពេល​ដែល​ការ​រង់ចាំ​ទទួល​បាន​នូវ​បទពិសោធន៍​ជីវិត ពោរពេញ​ទៅ​ដោយ​ក្ដី​រំភើប​សប្បាយ​រីករាយ​ជាង​ទៅវិញ។ ហេតុផល​ចុងក្រោយ គឺ​ជា​កិលេស​តណ្ហា​របស់​មនុស្ស ជា​ការ​ចង់​បាន​មិន​ចេះ​ស្កប់ស្កល់​នៃ​សារជាតិ​របស់​មនុស្ស។ មនុស្ស​យើង​បើ​ទោះ​ជា​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង​មុន​ក៏​ដោយ ក៏​ធម្មជាតិ​របស់​មនុស្ស​គឺ​ឆាប់​បន្សាំ​ខ្លួន​ទៅ​នឹង​សភាព​បច្ចុប្បន្ន​របស់​ខ្លួន​បាន​យ៉ាង​រហ័ស។ ហេតុនេះ នៅ​ពេល​ពួកគេ​បន្សាំ​ខ្លួន​នឹង​ប្រាក់​ចំណូល​ដែល​មាន​ក្នុង​ពេល​បច្ចុប្បន្ន៕

 

X
5s