Apple ជំនួសតំណែង Samsung មួយរយៈ ជាក្រុមហ៊ុនលក់ស្មាតហ្វូនបានច្រើនបំផុតនៅត្រីមាសទី៤ ឆ្នាំ២០១៦ (៧៨,៣លាន ទល់នឹង ៧៧,៥លានគ្រឿង)
របាយការណ៍ចែកចាយលក់ទូរស័ព្ទ iPhone ទើបត្រូវបានបង្ហាញចេញផ្លូវការកាលពីពេលថ្មីៗ។ ក្រុមហ៊ុន Apple មានសន្ទុះចែកចាយលក់ស្មាតហ្វូនខ្លាំង បន្ទាប់ពីបញ្ចេញ iPhone 7 / 7 Plus កាលពីចុងឆ្នាំមុន។ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០១៦ ក្រុមហ៊ុនអេឡិចត្រូនិកល្បីឈ្មោះមួយនេះ អាចចែកចាយលក់ iPhone ដាច់ជាងកាលពីត្រីមាសដដែល ឆ្នាំ២០១៥។ តួលេខចែកចាយគឺមានដល់ ៧៨,៣លានគ្រឿងនៅត្រីមាសចុងក្រោយ ឆ្នាំទៅ។ វាជាតួលេខដ៏ខ្ពស់ ហើយមិននឹកស្មានថា សូម្បី Samsung ដែលធ្លាប់ឈរលេខរៀងទី១ ជាក្រុមហ៊ុនលក់ស្មាតហ្វូនបានច្រើនជាងគេលើលោក ក៏លក់បានតិចជាង។
រយៈពេលដូចគ្នា (ត្រីមាសទី៤ ឆ្នាំ២០១៦) ក្រុមហ៊ុន Samsung ចែកចាយលក់ស្មាតហ្វូនបានចំនួន ៧៧,៥លានគ្រឿង ធ្លាក់ចុះពី ៨១,៣លានគ្រឿងប្រៀបធៀបនឹងត្រីមាសដូចគ្នា ឆ្នាំ២០១៥។ បើប្រៀបធៀបតួលេខចែកចាយលក់ស្មាតហ្វូនរវាង Apple និង Samsung គឺ៖ ៧៨,៣លាន ទល់នឹង ៧៧,៥លានគ្រឿង។
ស្មាតហ្វូនល្បីរបស់ Apple ពិតជាមិនធ្វើឱ្យហ្វេន (Fan) របស់ខ្លួនអស់សង្ឃឹមជាមួយការបំពាក់បច្ចេកវិទ្យារឹតតែទំនើបមួយជំនាន់ជាងមួយជំនាន់។ ជាក់ស្ដែង iPhone 6s/ 6s Plus ត្រូវបានផលិតពីប្រភេទអាលុយម៉ីញូម 7000 series រឹងមាំខ្លាំង បន្ទាប់ពីលេចចំណុចខ្សោយលើ iPhone 6 Plus ហើយឆ្នាំមុន Apple បានចេញ iPhone 7 និង iPhone 7 Plus ដែលភ្ជាប់បច្ចេកវិទ្យាមិនជ្រាបទឹក ពិសេសគឺមាន sensor កាមេរ៉ាដល់ទៅ២ នៅលើម៉ូដែល 7 Plus។
សូមបញ្ជាក់ថា របាយការណ៍សារពើពន្ធរបស់ Apple ដែលទើបប្រកាសថ្មីៗនេះ ក៏មានសភាពល្អប្រសើរថែមទៀត ដោយនៅត្រីមាសទី១ ឆ្នាំ២០១៧ នេះ រកចំណូលសរុបបាន ៧៨,៤ពាន់លានដុល្លារ ចំណេញបាន ១៧,៩ពាន់លានដុល្លារអាមេរិក។ ចំណូល ៧៨,៤ពាន់លានដុល្លារនេះ ត្រូវបានអះអាងដោយ Apple ថា គឺមានកំណើនខ្ពស់ជាងត្រីមាសដដែល កាលពីឆ្នាំទៅ៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ Strategy Analytics