iPhone 6 Plus ​សុខៗ​ឆេះ​​ចេញ​អណ្ដាត​ភ្លើង​​ទាំង​កណ្ដាល​យប់​​​មិន​ដឹង​មូលហេតុប្រាកដ​នៅ​ឡើយ (video)​



ថ្មីៗ​នេះ មាន​ព័ត៌មាន​អំពី​ករណី​ឆេះ​ទូរស័ព្ទ iPhone 6 Plus ទាំង​កណ្ដាល​យប់​របស់​បុគ្គលិក​ប្រចាំការ​ការិយាល័យ​សហគមន៍​ផ្នែក​ជំរឿន​ Palm Harbor នៅ​រដ្ឋ​ Florida សហរដ្ឋ​អាមេរិក។ បន្ទាប់​ពី​កើត​ករណី​ឆេះ​ទូរស័ព្ទ iPhone 6 Plus ​នេះ ម្ចាស់​ទូរស័ព្ទ​ក៏​បាន​រាយការណ៍​ប្រាប់​ទៅ​ស្ថានីយ​ព័ត៌មាន​ក្នុង​ស្រុក NBC។ តាម​សេចក្ដី​រាយការណ៍​ឱ្យ​ដឹង​ថា ស្ត្រី​ដែល​ជា​​ម្ចាស់ iPhone ឆេះ និង​ស្វាមី​របស់​នាង បាន​កំពុង​​គេង​លក់​ ស្រាប់តែ iPhone 6 Plus របស់​នាង ចាប់ផ្ដើម​ឆេះ​នៅ​លើ​តុ​ក្បែរ​គ្រែ​គេង​របស់​ពួក​គេ។ នាង​បាន​លើកឡើង​ថា៖ “មុខ​របស់​ខ្ញុំ​នៅ​កៀក​នឹង​ iPhone 6 Plus ខណៈ​ពេល​ទូរស័ព្ទ​នេះ​ចាប់​ក្ដៅ​ឆេះ​ឡើង ទើប​ធ្វើ​ឱ្យ​ខ្ញុំ​ភ្ញាក់​ឡើង សំណាង​ដែរ ខ្ញុំ​ជា​អ្នក​មិន​គេង​ទ្រមក់ ...ហើយ​ឆេះ​រហូត​ទាល់​មាន​អណ្ដាត​ភ្លើង​ចេញ​ពី​ទូរស័ព្ទ"។ សំណាង​ហើយ​ដែរ Kyle (ម្ចាស់ iPhone 6 Plus) ​បាន​ភ្ញាក់​ទាន់ ហើយ​បាន​ប្រញាប់​យក​ក្រណាត់​មួយ​ផ្ទាំង​ទៅ​វាយ​ពន្លត់​អណ្ដាត​ភ្លើង។ នាង​បន្ត​ថា ប្រសិន​នាង​មិន​ហ៊ាន​តែ​យឺត បន្តិច​ទៀត នោះ​នឹង​ឆេះ​ដល់​វាំងនន​ថែមទៀត។ នេះ​ជា​ករណី​ដ៏​កម្រ​មួយ ដែល​មាន​ព័ត៌មាន​ថា iPhone 6 Plus ឆេះ​ដូច្នេះ ប៉ុន្តែ​វា​បាន​កើន​ឡើង ប៉ុន្មាន​ដង រួច​ទៅ​ហើយ។ សូម​បញ្ជាក់​ថា iPhone 6 Plus របស់ Kyle ​នាង​បាន​ប្រើ​វា​រយៈពេល ២ឆ្នាំ​កន្លះ​មក​ហើយ។ អ្នក​នាំ​ពាក្យ​របស់ Apple បាន​ឆ្លើយ​អរគុណ​ដល់​ភ្នាក់ងារ NBC ​ចំពោះ​ការ​ជូន​ដំណឹង​នេះ​ ហើយ​ក្រុមហ៊ុន​កំពុង​ស្វែងរក​ដើមហេតុ​បណ្ដាល​ឱ្យ iPhone 6 Plus នេះ​ឆេះ​ឡើង។ Apple កំពុង​ចាត់ទុក​ករណី​នេះ​ជា​រឿង​អាទិភាព​ដែល​ត្រូវ​ប្រញាប់​រក​មូលហេតុ​ឱ្យ​បាន​ឆាប់​បំផុត ហើយ​សន្យា​ផ្លាស់ប្ដូរ​ទូរស័ព្ទ​ថ្មី​ជូន​អ្នក​ស្រី Kyle៕ ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖  wfla.com
X
5s