ក្រុមហ៊ុន Lenovo ​បញ្ចេញ​ថេប្លេត Android “Yoga A12” ​ទំនើប ​ប្រភេទ 2-in-1 ​តម្លៃ​ត្រឹមតែ ២៩៩ដុល្លារ​



ថ្មីៗ​នេះ ក្រុមហ៊ុន Lenovo ​ហាក់​ជក់​ចិត្ត​ជាមួយ​ការ​សម្រិតសម្រាំង​ឧបករណ៍​អេឡិចត្រូនិក​ទាំង Laptop និង Tablet ត្រកូល Yoga ដែល Keyboard របស់​វា​មាន​លក្ខណៈ​ពិសេស​អាច​បត់ ៣៦០ដឺក្រេ។ ជាក់ស្ដែង​ថ្មីៗ​នេះ ក្រុមហ៊ុន​ទើប​បញ្ចេញ​ថេប្លេត Yoga A12 ដើរ​ដោយ Android ជា​ប្រភេទ 2-in-1 ​មាន​អេក្រង់​ទំហំ ១២,២អ៊ីញ anti-glare។

Lenovo ​បាន​លើកឡើង​ថា នេះ​ជា​ថេប្លេត​អេក្រង់ HD ​ដែល​មាន​កម្រិត​បង្ហាញ​ 720x1280px។ ថេប្លេត​ថ្មី​នេះ មាន​កម្រាស់​ស្ដើង​ត្រឹមតែ ០,២១អ៊ីញ ឬ​ប្រហែល ៥,៤មិល្លីម៉ែត្រ​ប៉ុណ្ណោះ ដែល​មាន​រាង​យ៉ាង​ស្លីម​ទាន់សម័យ ហើយ​ទម្ងន់​ប្រហែល ១គីឡូ។

Yoga A12 ​មាន​កម្រាស់​ស្ដើង ​ហើយ​ស្រាល ​លើស​ពី​នេះ វា​បាន​ភ្ជាប់​មក​ជាមួយ Keyboard ទំនើប​ប្រភេទ Halo Keyboard ដែល​ធ្លាប់​បាន​បំពាក់​នៅ​លើ Lenovo Yoga Book កាលពី​ឆ្នាំ២០១៦ រួច​ហើយ។ Halo ជា​ប្រភេទ Keyboard ស្ដើង ​ផ្ទៃ​រាប់​ស្មើ ប្រភេទ touch-sensitive virtual keyboard ​ជាមួយ​ការ​ផ្ដល់​អារម្មណ៍​នៅ​ពេល​ចុច​ប៉ះ​ថ្នមៗ ព្រម​ទាំង​បំពាក់​នូវ​សូហ្វ៊ែរ​ប្រភេទ artificial learning ​និង​មាន​មុខងារ prediction មក​ជាមួយ​ស្រាប់។

Keyboard ​របស់​ថេប្លេត Yoga A12 នេះ​អាច​បត់​បាន ៣៦០ដឺក្រេ។ វា​បាន​បំពាក់​នូវ​ឈីប Intel Atom x5 CPU, មាន RAM 2GB, Memory 32GB, dual speaker ជាមួយ​បច្ចេកវិទ្យា Dolby Atmos ​ហើយ​អាច​កាន់ថ្ម​បាន​រយៈពេល ១៣ម៉ោង​ពេល​សាក​មួយ​ពេញ។ ក្រុមហ៊ុន Lenovo នឹង​ចេញ​លក់​ថេប្លេត Yoga A12 ជាមួយ​ជម្រើស​ពណ៌​ប្រភេទ (Gunmetal Grey) ឬ​ពណ៌​មាស​ក្រហម (Rose Gold) ​ចាប់ពី​ថ្ងៃ​ទី៨ កុម្ភៈ​នេះ ក្នុង​តម្លៃ ២៩៩ដុល្លារ​អាមេរិក៕ ចុះ​ប្រិយមិត្ត​ប៉ង​ចង់​បាន​ឬ​ទេ ប្រសិន​លក្ខណៈ​សម្បត្តិ​ដូច​រៀបរាប់​ខាង​លើ ហើយ​តម្លៃ​ដូច​ជា​មិន​ថ្លៃ​នោះ​ទេ? ​ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ phonearena
X
5s