កម្ពុជាជាប់លេខ១លើលោក ជាទីតាំងល្អបំផុតសម្រាប់ជនបរទេសចូលនិវត្តន៍
យោងតាមរបាយការណ៍ប្រចាំឆ្នាំដែលមានឈ្មោះថា សន្ទស្សន៍ចូលនិវត្តន៍សកលប្រចាំឆ្នាំ (Annual Global Retirement Index 2017) ដែលរៀបចំឡើងដោយ International Living បានឱ្យដឹងថា កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ ១ជាឋានសួគ៌សម្រាប់ជនបរទេសចូលនិវត្តន៍ដោយផ្អែកទៅលើការចំណាយលើថ្លៃរស់នៅធូរថ្លៃបំផុត។
យោងតាមប្រភពដដែលបានឱ្យដឹងថា រឿងមួយដែលជនបរទេសនឹងកត់សម្គាល់អំពីប្រទេសកម្ពុជា គឺដំណើរការនៃការពន្យារទិដ្ឋាការប្រចាំឆ្នាំមានតម្លៃប្រមាណតែ ២៨៥ដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយមិនតម្រូវឱ្យមានការបញ្ជាក់ប្រាក់ចំណូលអប្បបរមាថែមទៀតផង។ រឿងទី២ គឺតម្លៃនៃការជួលកន្លែងស្នាក់នៅធូរថ្លៃបំផុត ពោលគឺកន្លែងល្អសមរម្យ (អាផាត់មិន ឬ ខុនដូ) ត្រឹមតែ ៣០០ដុល្លារក្នុងមួយខែ នៅភ្នំពេញនិងតិចជាង ២០០ដុល្លារនៅខេត្តព្រះសីហនុ។
ក្រៅពីនេះ ការចំណាយទៅលើអាហារ សំលៀកបំពាក់ មានតម្លៃធូរថ្លៃបំផុត មានឱសថដ្ឋានលក់ថ្នាំធំៗច្រើន មានក្រុមហ៊ុនទូរស័ព្ទដែលផ្ដល់សេវាកម្មអ៊ីនធឺណិតមានល្បឿនលឿននិងធូរថ្លៃ មានក្រុមហ៊ុនតាក់ស៊ី មានតំបន់ទេសចរណ៍ដ៏សម្បូរបែប និងមានអ្វីៗជាច្រើនទៀត៕