វណ្ណ ម៉ូលីវណ្ណ៖ ស្នាដៃដែលមិនអាចបំភ្លេចបាន
នៅក្នុងសំឡេងនិយាយមួយៗរបស់លោកតាវ័យចំណាស់អាយុ៩០ឆ្នាំម្នាក់ អង្គុយលើរទេះរុញបានពណ៌នារៀបរាប់ពីដំណើរជីវិតរបស់លោកជាពិសេសស្នាដៃស្ថាបត្យកម្មនៅក្នុងសម័យសង្គមរាស្រ្តនិយមឲ្យក្មេងៗជំនាន់ក្រោយ ក៏ដូចជាក្រុមការងាររបស់ Realestate.com.kh ក៏មានវត្តមាននៅទីនោះដែរដើម្បីចូលរួមស្តាប់ជីវិតនិងស្នាដៃដ៏អស្ចារ្យរបស់បិតាស្ថាបត្យករខ្មែររូបនេះ។
លោក វណ្ណ ម៉ូលីវណ្ណ គឺជាស្ថាបត្យករខ្មែរដ៏ល្បីឈ្មោះម្នាក់ ហើយលោកត្រូវបានគេចាត់ទុកថាជាស្ថាបនិកស្ថាបត្យកម្មខ្មែរសម័យទំនើបម្នាក់ចាប់តាំងពីទស្សវត្សឆ្នាំ១៩៦០មក។ ក្នុងចន្លោះឆ្នាំ១៩៥៦និង១៩៧០លោក វណ្ណ ម៉ូលីវណ្ណ បានបញ្ចប់គម្រោង សាងសង់របស់លោកជាង១០០គម្រោងទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស។
កញ្ញា ទ្រី លីដា បុគ្គលិកផ្នែកស្ថាបត្យកម្មនៃក្រុមហ៊ុន Re-Edge Architecture & Design ដែលបានចាត់ទុកលោក វណ្ណ ម៉ូលីវណ្ណ ជានិមិត្តរូបនៃស្ថាបត្យកម្ម កញ្ញាបាននិយាយថា “ឥទ្ធិពលនៃស្នាដៃរបស់លោកត្រូវបានគេទទួលស្គាល់នៅទូទាំងប្រទេសកម្ពុជានិងអន្តរជាតិ ហើយមនុស្សជាច្រើនតែងតែនិយាយអំពីរចនាបទនៃស្នាដៃស្ថាបត្យកម្មរបស់លោកផងដែរ។ ស្នាដៃរបស់លោកបានផ្សារភ្ជាប់រវាងលក្ខណៈទំនើបនិងធម្មជាតិដ៏អស្ចារ្យ ហើយលោកត្រូវបានគេស្គាល់ថាជា “បិតាស្ថាបត្យកម្មកម្ពុជាជាមួយសមត្ថភាពដ៏អស្ចារ្យ ក្នុងការសាងសង់ឲ្យលេចចេញនូវរចនាបទខ្មែរទំនើបជាមួយលក្ខណៈធម្មជាតិ ដើម្បីបង្កើតជាអគារដែលស្រស់ស្អាតដែលមានខ្យល់អាកាស និងពន្លឺចេញចូលបានយ៉ាងល្អ។”
ស្នាដៃស្ថាបត្យកម្មរបស់លោក វណ្ណ ម៉ូលីវណ្ណ៖
គម្រោងដ៏ល្បីល្បាញរបស់ លោក វណ្ណ ម៉ូលីវណ្ណ មួយចំនួនមានដូចជា៖ វិមានឯករាជ្យ ស្តាតអូឡាំពិក សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាលមហោស្រពចតុមុខ មហោស្រពព្រះសុរាម្រិត អគារទីស្តីការក្រុមប្រឹក្សារដ្ឋមន្រ្តី វិមានរដ្ឋចំការមនក្រុងភ្នំពេញ ដែលបច្ចុប្បន្នជាវិមានព្រឹទ្ធសភា។
ក្នុងនោះក៏មានគម្រោងរបស់លោកមួយចំនួនផ្សេងទៀតដែលគេមិនសូវបានស្គាល់ គម្រោងទាំងនោះមានដូចជា៖ ព្រះចេតិយក្នុងបរិវេណព្រះបរមរាជវាំង មន្ទីរពេទ្យគន្ធបុប្ផា ព្រលានយន្តហោះដំបូងបង្អស់ក្នុងខេត្តសៀមរាប រោងបុណ្យពាក់កណ្តាលសាសនាពីស្ថានីយរថភ្លើងដល់មាត់ទន្លេសាប។
ក្រៅពីគម្រោងជាច្រើនដែលគាត់បានបញ្ចប់នៅក្នុងប្រទេសកម្ពុជា លោក វណ្ណ ម៉ូលីវណ្ណ ក៏បានធ្វើគម្រោងមួយចំនួននៅក្រៅប្រទេសផងដែរដូចជា៖ សាលពិព័ណពាណិជ្ជកម្មអន្តរជាតិក្នុងទីក្រុងអូសាកាប្រទេសជប៉ុន សាលពិព័រណ៌ផ្សារណាត់អន្តរជាតិហ្សាគ្រិប សាលពិព័រណ៌ផ្សារណាត់អន្តរជាតិនៃទីក្រុងប្រណូប្រទេសឆេកូស្លូវ៉ាគី និងសាលពិព័រណ៌ឡាហ្វាយយិតក្រុងប៉ារីស។
ពេលដែលយើងសួរលោកទាក់ទងនឹងស្នាដៃស្ថាបត្យកម្មដែលលោកស្រលាញ់បំផុតលោកមានប្រសាសន៍ថា “ស្នាដៃដែលខ្ញុំស្រលាញ់បំផុតគឺពហុកីឡាដ្ឋានជាតិអូឡាំពិក និងសាលមហោស្រពព្រះសុរាម្រិតនៅទន្លេបាសាក់ក្នុងទីក្រុងភ្នំពេញ។ គម្រោងមួយចំនួនទៀតដែលខ្ញុំតែងតែនឹកគិតដល់ក៏ប៉ុន្តែជាអកុសល្យអគារមួយចំនួនទាំងនោះត្រូវបានគេបំផ្លាញចោល ហើយសាងសង់អគារថ្មីមកជំនួសវិញ។” នេះបើតាមប្រសាសន៏របស់លោកវណ្ណ ម៉ូលីវណ្ណ។